រតនគិរីៈ ឈើសុក្រំជាងមួយរយកំណាត់ឡាំងបួនជ្រុង មានប្រវែង៣ទៅ៤ម៉ែត្រ មានមុខកាត់៣០x៤០សង់ទីម៉ែត្រ ចំនួន៦គំនរ ស្មើនឹង១១៦កំណាត់ដែលឈ្មួញពាក់ស្បែកខ្លា យកអំណាចស្ថាប័នសមត្តកិច្ចជាស្ពានចម្លងចូលវាយលុកកាប់បំផ្លាញចេញពីតំបន់ព្រៃសហគមន៍ នឹងដែនជម្រកសត្វព្រៃលំផាត់ ដឹកជញ្ជូនតាមគោយន្តកែច្នៃមកទម្លាក់នៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ៧២ម៉ែនសារុន ស្ថិតនៅភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ប្រភពឲ្យដឹងថា គំនរឈើខាលើនេះ ត្រូវបានគេដឹងថា បម្រុងដឹកជញ្ជូនបន្តទៅកាន់ប្រទេសវៀតណាមទាំងយប់ តាមច្រកប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៧០៥អូរថ្ម តែត្រូវបែកការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ហើយក្រុមឈ្មួញក៏បែនទម្លាក់ចោលនៅក្នុងក្រុមហ៊ុននោះតែម្តង។ បន្សល់ទុកមនុស្ស៤នាក់ នឹងមន្ត្រីបរិស្ថានជាច្រើនរូបឲ្យដេកចាំឈើទាំងអស់នោះ ទី១ឈ្មោះ ធីន ភេទប្រុស ទី២ឈ្មោះ ម៉ាប់ ភេទប្រុស ទី៣ឈ្មោះ ទី ភេទប្រុស ទី៤ឈ្មោះ ម៉ៅ ភេទប្រុស បុរសទាំង៤នាក់នេះ គ្រាន់តែជាខែល ដើម្បីបិទបាំងមុខមេឈ្មួញដុះស្លែដ៏ធំម្នាក់ដែលមានអំណាចនៅពីក្រោយខ្នងជាមន្ត្រីនគបាលការពារព្រំដែនគោក។
បើតាមសម្តីឈ្មោះ ធីន បានឲ្យដឹងថា មិនខ្លាចអ្នកណានោះទេ ដោយបានបង់លុយគ្រប់ស្ថាប័នសមត្ថកិច្ចរួចហើយ មានពីណាហ៊ានចាប់ខ្ញុំទៀត?
លុះព្រឹកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តតាមទូរស័ព្ទតែបែរជាលោកឆ្លើយថា ជាប់រវល់ទៅពិធីរុក្ខទិវាបណ្តុះកូនឈើក៏បិទទូរស័ព្ទទៅ។
ចំណែកលោក ហេង រតនា ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែនគោកបានឲ្យដឹងថា ហើយលោកបានបញ្ជាកម្លាំងចំនួន៥នាក់ ចុះមកត្រួតពិនិត្យឈើទាំងនោះរាប់ចំនួនកំណាត់ឈើតែប៉ុណ្ណោះជាការស្រេច លោកក៏ប្រគល់កិច្ចការទាំងនេះទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត។ ប៉ុន្តែ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយឡែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែកក្កដានេះ ថា គាត់បានឆ្លើយយ៉ាងខ្លីថា ទាក់ទងនឹងគំនរឈើខាងលើនេះពុំទាន់មាន នរណារាយការណ៍មកឲ្យគាត់បានដឹងនោះទេ មានន័យថា លោកពន្យាពេលទុកឱកាសឲ្យក្រុមឈ្មួញបណ្ដោះគំនរឈើទាំងនោះ ដឹកជញ្ជូនចូលទៅទឹកដីវៀតណាម ឲ្យអស់សិនទើបលោកធ្វើដូចជាមានការភ្ញាក់ផ្អើលដូច្នេះ។
មជ្ឈដ្ឋានទូទៅ នឹងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដាក់ការរិះគន់យ៉ាងធ្ងន់ៗ ទៅលើសមត្ថកិច្ចជំនាញពាក់ព័ន្ធព្រមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៥ នឹងមន្ត្រីបរិស្ថាន ដែលហ៊ានគឃ្លើន នឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះថា ជារឿងជំនួញឈើប្រណិតឆ្លងដែនខុសច្បាប់ត្រូវតែបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តាលខេត្តជាប់ព្រំដែន។
ដោយឡែក អស់លោកដែលជាសមត្ថកិច្ចខាងលើ បែរជាបើកភ្លើងខៀវឲ្យក្រុមឈ្មួញចូលកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យទៅវិញ៕
មតិយោបល់