ព័ត៌មានជាតិ

មន្រ្តីនគរបាលម្នាក់ កំពុងឈរជើងលើដងផ្លូវ អនុវត្តច្បាប់ចរាចរណ៍ ត្រូវរថយន្តដឹកដីបើកវ៉ាជែងបុកបាក់ជើងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់

ស្វាយរៀង: ផ្អែកតាមរព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង២០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ដដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3D- 4459 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ឈឿន សុខា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិជៃក្រោម ឃុំរាធ័រ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏បានបុកនឹងមន្រ្តីនគរបាល កំពុងឈរជើងលើដងផ្លូវ ដែលកំពុងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងស្ដាំ ។

ជនរងគ្រោះ ឈ្មោះ កែម តារា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ តួនាទី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

បច្ចុប្បន្នជនបង្ក និងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ និងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់