ភ្នំពេញៈ ស្ត្រីម្នាក់ខណៈដែលមានអាការៈមិនស្រួលខ្លួន ត្រូវបានកូនស្រីដឹកជូនកង់បីឥណ្ឌា យកទៅពេទ្យតែជាអកុសល មិនទាន់ចូលដល់មន្ទីរពេទ្យផង ស្រាប់តែដាច់ខ្យល់ស្លាប់ ត្រូវបានម៉ូតូកង់បី ទម្លាក់ដាក់ចុះ ហើយគេចខ្លួនទៅបាត់បង្កការភ្ញាក់ផ្អើល កាលពីម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នៅ តាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីខាងលើឈ្មោះ ហន ពិសី អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
តាមប្រភពពីកូនស្រីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់ចេញពីធ្វើការរោងចក្រ មកហូបបាយនៅបន្ទប់ជួល ពេលមកដល់ម្តាយបានប្រាប់ថា មានអាការៈ មិនស្រួល ពេលនោះនាងបានហៅកង់បីឥណ្ឌា មកដឹកគោលបំណងទៅពេទ្យ ដោយនាងជិះមកជាមួយផង ខណៈមកដល់ស្តុបផ្សារដីហ៊ុយម្តាយនាង ក៏បានដាច់ខ្យល់ស្លាប់លើកង់បីតែម្ដង។ ពេលនោះ អ្នកបើកកង់បី ភ័យក៏ទម្លាក់ម្តាយនាង តាមដងផ្លូវហើយអ្នកបើកកង់បី បានបើកគេចបាត់តែម្តង ។
ប្រភពដដែលឲ្យដឹងថា ម្តាយនាងគាត់មានជំងឺប្រចាំកាយ (កើតហឺត) ចេះតែថប់ដង្ហើម ហើយរយៈពេល២ថ្ងៃចុងក្រោយនេះ គាត់មានអាការៈធ្វើទុក្ខ មិនបានទៅធ្វើការទេ ដោយសម្រាកនៅបន្ទប់ជួល លុះនាងចេញពីធ្វើការមកហូបបាយ គាត់ប្រាប់អោយជូនមកពេទ្យ ស្រាប់តែជួបរឿងអកុសល់បែបនេះទៅ។
សពក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង ហើយសាច់ញាតិឯកភាព សុំយកទៅធ្វើបុណ្យ ទើបសមត្ថកិច្ច រៀបចំឯកសាររួចប្រគល់ឲ្យយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់