ព័ត៌មានជាតិ

Update៖ ជិះម៉ូតូលឿនពេក អកហ្សើបុករថយន្តបែនរបស់ក្រុមហ៊ុន(អិល.អិន.អេស.ខេ.ខនស្រ្តាក់សិន)ឆ្លងផ្លូវ ស្លាប់ម្នាក់របួស២នាក់

ភ្នំពេញៈ យុវជនវ័យ១៧ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងក្មេង២នាក់ទៀតរងរបួស ខណៈពេលពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងទៅបុករថយបន្តបែនដឹកដីកំពុងបើកឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នឹងរបួសបែបនេះតែម្តង។

ហេតុការណ៍គ្រោះយ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

យុវជនរងគ្រោះមានឈ្មោះ ហម រតនៈ ហៅហ្គោល អាយុ១៧ឆ្នាំ មានមុខមុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-2971។ ចំណែកយុវតី២នាក់រងរបួសដែលរួមដំណើរជិះពីក្រោយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។ រីឯរថយន្តបែនម៉ាកនីសាន់ ពណ៌លឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1527 របស់ក្រុមហ៊ុន (អិល អិន អេស ខេ ខនស្រ្តាក់សិន) អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ដមួយគ្រឿងធ្វើដំណើរតាមផ្លូវបេតុងឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ដែលជាឌុបបោកក្បាលទៅនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកយុវតី២នាក់ទៀតដែលរួមដំណើរពីក្រោយរងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានទាក់ទងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្ដនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកឯសពត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់