បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៩ សីហា នេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក គីម សុវណ្ណ ប្រធានមន្ទីរខេត្ត ក្រោមវត្តមានលោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្ត្រីនគរបាលចរាចរផ្លូវគោក និងអាជ្ញាធរទាំង៩ស្រុក-ក្រុង បានបើកយុទ្ធនាការចែក ស្ទីកឃើ ចំណាំងផ្លាតនៅពេលយប់ ចំនួន ១៥,៨៥១សន្លឹក ជូនប្រជាពលរដ្ឋ និងមានការ បិតផ្ទាល់លើគោយន្ត និងម៉ូតូ ប្រមាណ១០០គ្រឿង ដែលគ្មានភ្លើងបំភ្លឺផ្លូវនៅពេលយប់ផងដែរ ។
លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានប្រសាសន៍ថា នារដូវធ្វើស្រែចំការ បងប្អូនប្រជាកសិករ ដែលប្រើគោយន្ត បើកបរលើផ្លូវ សាធារណៈ ជាពិសេសលើផ្លូវជាតិតេម្តង ដូច្នេះអាជ្ញាធរស្រុក ត្រូវយកស្ទីកឃើ ចំណាំងផ្លាតនៅពេលយប់នេះ ទៅចែកជូនដល់ពួកគាត់ ជៀសវាង បងប្អូនធ្វើដំណើរ ពេលយប់ជួបគ្រោះថ្នាក់ដល់អាយុជីវិត ។
លោក បន្ដថា ពេលដែលបងប្អូនទទួលស្ទីកឃើ នេះហើយ ត្រូវចេះថែរក្សា ហើយបើមានរហែក ឬរបក ត្រូវសុំពីអាជ្ញាធរយកបិតទៀត។
លោក គីម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ដោយទទួលស្ទីកឃើ ចំណាំងផ្លាត ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលើការគិតគូរពី សុវត្ថិភាពចរាចរ លោក បានចែកស្ទីកឃើ ចំណាំងផ្លាតទៅ ការិយាល័យ ជំនាញ គ្រប់ស្រុកក្រុង ធ្វើយ៉ាងណាបិទនិង ចែកឲ្យប្រជាពលរដ្ឋ យកបិតលើយានជំនិះ របស់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ៕
មតិយោបល់