កណ្តាលៈ ជនសង្ស័យជាខ្មែរឥស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រុក កោះធំ ចាប់ខ្លួនរួមជាមួយនឹងថ្នាំញៀនចំនួន ២១កញ្ចប់ ខណៈជនសង្ស័យរូបនេះ បម្រុងនឹងធ្វើសកម្មភាពចែកចាយថ្នាំញៀន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ តាំ ស្មាន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។មុខរបរ នេសាទ។ ចំណែកវត្ថុតាងចាប់ដកហូតបានរួមមាន ១/-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន ២១កញ្ចប់តូច, ២/-ប្រអប់ដែកចំនួន ០១ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងជំនាញនៃធិការដ្ឋាននគរបាលស្រុកកោះធំ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់កុង បានចុះបង្ក្រាបមុខសញ្ញាលក់ គ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ឈ្មោះ តាំ ស្មាន ភេទប្រុស អាយុ ៥៣ ឆ្នាំ រួមនិងថ្នាំញៀន ចំនួន ២១ កញ្ចប់តូច នៅជាប់និងខ្លួនជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំង០១ នាក់ខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់