ព័ត៌មានជាតិ

ជនវិកលចរិកម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់កណ្តាលវាលស្រែ សង្ស័យជាករណីខ្យល់គរ

កណ្តាលៈ ជនវិកលចារិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកណ្តាលវាលស្រែ ដោយត្រូវគេសង្ស័យថា បណ្តាលមកពីខ្យល់គរ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវាលស្រែប្រាំងត្រង់ទំនប់យាយគំភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ.ខេត្តកណ្តាល ។

ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ជាជនវិកលចរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ សំបុរសណ្តែកបាយ សក់ខ្លីស្កូវមានពុកសង្កាវែងស្កូវ កំពស់១,៥០មែ៉ត្រ គ្មានអាវ ស្លៀកខោខ្លីត្រឹមជង្គង់ ពណ៌លឿងគ្មានខោទ្រនាប់ គ្មានស្បែកជើង។ ពុំ មានឃើញស្លាកស្នាមអ្វីគួឲ្យកត់សំគាល់នៅដងខ្លួនសាកសពទេ សភាពសពហើមស្បែកជាំខ្មៅដោយសារកំដៅថ្ងៃ ការសន្និដ្ឋានសពស្លាប់ប្រហែល០២ថ្ងៃ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើមានប្រជាពរដ្ឋដើរទៅឃ្វៀលគោបានប្រទះឃើញសាកសពដេកស្លាប់នៅកណ្តាលវាលស្រែរួចហើយយក៏មកប្រាប់អ្នកភូមិ ។ ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ បច្ចេកទេស បានចុះទៅដល់ចំណុចកើតហេតុដោយមានការចូលរួមពិនិត្យមានអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញចូលរួមពិនិត្យលើខ្លួនសពឃើញថា ពុំមានស្លាកស្នាមអ្វីទេ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។

តាមការសន្និដ្ឋានសាកសពនេះជាមនុស្សវិកលចរិកផង។ ក្រោយពីការពិនិត្យរួចជំនាញបានប្រគល់ទៅឲ្យអាជ្ញាធរភូមិ ឃុំ ដើម្បីរកកន្លែងកប់និងស្រាវជ្រាវដើម្បីរកក្រុមគ្រួសារសាច់ញាតិ៕

មតិយោបល់