បន្ទាយមានជ័យៈ បុរសម្នាក់បានរងរបួសធ្ងន់ និងរងកណ្តាប់ដៃពីសំណាក់អ្នកបើករថយន្តស៊េរីទំនើប ខណៈដែលគាត់កំពុងបើកបរគោយន្តដឹកស្រូវ ហើយត្រូវរថយន្តស៊េរីទំនើបនោះបុកពីក្រោយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ខាងកើតសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃដឹកស្រូវមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងម៉ាកអូឌី ពណ៌ស (ស្លាកលេខត្រូវបានម្ចាស់ដោះចេញក្រោយបង្កគ្រោះថ្នាក់) បើកបរដោយក្មេងជំទង់ឈាមរាវម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបោះពួយយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បុកគោយន្តកន្ត្រៃផ្នែកកន្ទុយខាងឆ្វេង បណ្តាលឲ្យគោយន្តរេក្រឡាប់ក្បាលចុះក្រោម គម្ពប់ស្រូវរាយប៉ាយពេញផ្លូវ និងបង្កឲ្យអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់។ រីឯថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះពីលើរថយន្ត រួចវាយទៅលើអ្នកបើកគោយន្តកន្ត្រៃទាំងកំហឹង និងចោទថា មកពីអ្នកបើកគោយន្តនេះឯងដែលធ្វើឲ្យខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយមកស្រាប់តែមានបុរសម្នាក់បានចេញមុខបកស្រាយថា មិនបានវាយអ្នកបើកគោយន្តនោះទេ តែអ្នកបើកគោយន្តនោះទេដែលឈ្លើយ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះដល់ចំណុចកើតហេតុ ធ្វើការវាស់វែង រៀបចំសណ្តាប់ធ្នាប់លើផ្លូវសម្រួលចរាចរណ៍ និងយករថយន្តបង្ក និងគោយន្តមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ក្នុងករណីនេះដែរ Post News បានទំនាក់ទំនងទៅកាន់ជំនាញចរាចរណ៍ស្រុកបានឆ្លើយតបមកវិញថា មិនមានករណីនេះទេ តែប្រហែលជាមាននៅខាងប៉ោយប៉ែត។ បន្ទាប់មក Post Newsបានទំនាក់ទំនងទៅកាន់ខាងចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឆ្លើយថា ពិតជាមានករណីនេះមែន ប៉ុន្តែតិចតួចទេ និងបានចេញទៅបាត់អស់ហើយ៕
មតិយោបល់