ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! យានដ្ឋាន​​កែច្នៃ​​តម្លើង​រថយន្តខុសបច្ចកទេសមួយកន្លែង នៅកណ្តាលក្រុងសិរីសោភ័ណ ត្រូវបានបង្ក្រាប!

​បន្ទាយមានជ័យ: ទីតាំងកែច្នៃ​ កាត់ត​ រថយន្តខុសបច្ចេកទេសមួយកន្លែងដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យនិងបិទទីតាំងបន្ទាប់ពីរកឃើញថាមានរថយន្តស៊េរីទំនើបជាច្រើនគ្រឿងកំពុងធ្វើការកាត់តខុសបទដ្ឋានបច្ចេកទេស។ ការចុះត្រួតពិនិត្យទីតាំងខាងលើធ្វើឡើងនៅម៉ោង៤និង២០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៨ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន​លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ បន្ទាប់ពីមានការសង្ស័យថាមានការកែច្នៃរថយន្តខុសបច្ចេកទេស​ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង​ លោក​ សុក​ កែវបណ្ឌិត​ ក៏បានចុះត្រួតពិនិត្យទីតាំងផ្ទាល់។
ក្រោយពីចុះដល់ទីតាំងសមត្ថកិច្ចក៏បានរកឃើញរថយន្តស៊េរីទំនើបចំនួន៥គ្រឿងដែលបាននិងកំពុងកាត់ត​ ផ្គុំ​មិនទាន់រួចរាល់។

លោកឧត្តមសេនីយ៍ត្រី​ស្នងការរងបានបញ្ជាក់អោយដឹងថា​ :​ ម្ចាស់យានដ្ឋានមានឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ​សង្កាត់កំពង់ស្វាយ ក្រុ​ងសិរីសោភ័ណ​ បានគេចខ្លួនក្រោយសមត្ថកិច្ចចុះដល់។ នៅក្នុងយានដ្ឋាននេះដែរមានរថយន្តចំនួន៦គ្រឿងជារថយន្តចង្កូតឆ្វេងកំពុងកាត់ត​ ផ្គុំ​ តំឡើង​ ដោយខុសនឹងច្បាប់។ ក្នុងនោះមាន​៖ រថយន្តតូយ៉ូតាឡិចស៊ីសRX300១គ្រឿងកំពុងកាត់ត, រថយន្តតូយូតាកាមរីហាយប្រីត ផលិតឆ្នាំ២០០៧ ដែលដាច់ពីគ្នាកំពុងតភ្ជាប់១គ្រឿង, ក្បាលរថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅគ្មានតួរចំនួន១គ្រឿង, រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ស កាត់តរួច១គ្រឿង, រថយន្តតូយ៉ូតាឡិចស៊ីសRX300 ពណ៌បៃតង ដែលកាត់តភ្ជាប់១គ្រឿង, សម្ភារៈកាត់តរថយន្តនិងគ្រឿងបន្លាស់រថយន្តមួយចំនួន។

លោក សុខ កែវបណ្ឌិត ព្រៈរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំងកាត់និងកែឆ្នៃរថយន្ត ដែលម្ចាស់រត់គេចខ្លួននិងវត្ថុតាងមានរថយន្តកំពុងកាត់តនិងកែច្នៃនិងកាត់តរួចចំនួន៥គ្រឿង និងសម្ភារៈកាត់តនិងកែឆ្នៃ ត្រូវបានធ្វើកំណត់ហេតុហើយបានបិទទ្វារយានដ្ឋានរថយន្តកាត់តនិងកែច្នៃរថយន្តដើម្បីបន្តចាប់ខ្លួនម្ចាស់ដែលគេចខ្លួននិងចាត់ការតាមច្បាប់។

ទាក់ទិននិងព័ត៌មាននេះប្រភពព័ត៌មានដែលស្និទ្ធនិងម្ចាស់យាដ្ឋានបានដឹងថា៖រថយន្តដែលយកមកកាត់តនិងកៃច្នៃគឺរថយន្តទាំង៥គ្រឿងមានម្ចាស់នៅខេត្តសៀមរាប ដោយទិញកំណាត់រថយន្តគ្មានពន្ធយកមកអោយឈ្មោះ សំ ប៊ុនធឿន កាត់តនិងកែច្នៃផ្គុំឡើងវិញក្នុង១គ្រឿងតម្លៃ២០០ទៅ៣០០ដុល្លារ​​ប៉ុណ្ណោះ​៕

មតិយោបល់