ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើករថយន្តព្រូសមួយគ្រឿង សង្ស័យងោកមួយភាំង រេចង្កូតជ្រុលទៅបុកឡើងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BK-8463 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ពីលិចទៅកើត និងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុសង្ស័យ អ្នកបើកបររថយន្តងងុយដេកងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តឡើងទៅគល់ជាប់ពាក់ខឿន សួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច និងបណ្តាលឲ្យបាក់ខូចខាតដើមផ្កាលម្អសួនច្បារពុះចែកទ្រូងផ្លូវអស់មួយចំនួនផងដែរ។
ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕
មតិយោបល់