កំពង់ឆ្នាំងៈ នៅក្នុងកិច្ចប្រជុំពិភាក្សានៃការកសាងផ្សារថ្មីជិតមាត់ទន្លេក្នុងសង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តក្រុង មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីសប្តាហ៍កន្លងទៅ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានសំដែងនូវការព្រួយបារម្ភ បន្ទាប់ពីផ្សារថ្មីនេះសាងសង់រួច មិនមានអាជីវករទិញតូបលក់ដូរ ធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ ព្រោះសព្វថ្ងៃមានឈ្មួញមួយចំនួនកំពុងជីក ចាក់ដីលើដីរបស់ខ្លួនដែលគ្មានប្លង់នៅជិតតំបន់អភិវឌ្ឍន៍ផ្សារ បែងចែកទុកលក់ និងជួលឲ្យអាជីវករនៅក្បែរៗទន្លេ ដែលករណីនេះលោកអភិបាលក្រុងរំពឹងថា នឹងមានភាពអនាធិបតេយ្យសារជាថ្មី ទោះបីអាជ្ញាធរក្រុងខេត្តខំកសាងផ្សារលើទីតាំងថ្មីយ៉ាងណាក៏ដោយ។
លោក ហៃ មនោរម្យ បានបន្ថែមថា គំរោងរបស់អាជ្ញាធរខេត្តក្រុងកំពង់ឆ្នាំង កំពុងអភិវឌ្ឍន៍លើដីតំបន់២ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ដោយសាងសង់ជាផ្សារថ្មីជំនួសផ្សារឆ្នាំងដែលមានការទ្រុឌទ្រោម។ ក្នុងគំរោងអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់អាជ្ញាធរខេត្ត គឺតំបន់អភិវឌ្ឍន៍ថ្មីនេះត្រូវមានផ្សារមួយកន្លែងជិតមាត់ទន្លេ មានទីតាំងបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេឲ្យមករស់នៅក្បែរផ្សារថ្មីនេះ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ច្រាំងទន្លេឡើងវិញ និងធ្វើជាសួនច្បារថ្មីប៉្របមាត់ទន្លេ ចាប់ពីមុខវត្តលោកយាយទេព រហូតដល់ចំណុចចុងកោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
លោកបានបន្តថា នៅចំណុចដីតំបន់២កំពុងអភិវឌ្ឍន៍នោះ គេឃើញមានឈ្មួញមួយចំនួនកំពុងជីក ចាក់ដីលើទីតាំងមួយចំនួនដែលមិនទាន់មានច្បាប់ត្រឹមត្រូវ និងកំពុងបែងចែកជាដីឡូពុះលក់ និងដីមួយចំនួនទៀតកំពុងត្រូវបានគេរៀបចំទុកជួលឲ្យអ្នកលក់ឈើ ហាងកាហ្វេ និងហាងផ្សេងៗទៀត ប្រមាណជិត២០០តូប ដែលករណីនេះ អាជ្ញាធរក្រុងមានការព្រួយបារម្ភនៅពេលគេជួលលក់តូបក្រៅគំរោងអភិវឌ្ឍន៍បែបនេះ អាចប្រឈមនឹងកើតឡើងនូវភាពបាត់បង់សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព លើទីតាំងអភិវឌ្ឍន៍ថ្មីនេះ។
លោក លៀង សេង ម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្សារបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះថា លោកក៏មានការព្រួយបារម្ភពីការដាក់ទុនសាងសង់ផ្សារថ្មីនេះផងដែរ ក្រោយពីឃើញថាមានឈ្មួញមួយចំនួនកំពុងរៀបចំ ពុះដីកាត់ជាប្លង់ទុកជួលនិងលក់នៅពីមុខផ្សារជិតមាត់ទន្លេ និងក្បែរៗទីតាំងផ្សារ ដែលករណីនេះជាការប្រឈម អាចនឹងប៉ះពាល់ដល់គំរោងរបស់លោក ហើយលោករំពឹង និងសង្ឃឹមថា អាជ្ញាធរខេត្តក្រុង មន្ទីរពាក់ព័ន្ធ អាចដោះស្រាយមិនឲ្យមានភាពប្រឈមជាមួយគំរោងអភិវឌ្ឍន៍ថ្មីនេះ។
ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តទទួលបន្ទុកតំបន់អភិវឌ្ឍន៍បានថ្លែងថា ពាក់ព័ន្ធរឿងសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ សន្តិសុខ គឺអាជ្ញាធរក្រុងមានអំណាចគ្រប់គ្រាន់ក្នុងការរៀបចំ រីឯដីកាត់ប្លង់ទុកជួល ឬលក់ជិត២០០តូបនោះ គឺសុទ្ធតែដីមានប្លង់ មិនមានភាពប៉ះពាល់ដល់គំរោងអភិវឌ្ឍន៍ទេ។
នៅវេលាម៉ោង៣និង៣៩នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក អៀរ គុយម៉ុង ហៅក្តាន់ និងលោក សាយ សូ ជាឈ្មួញដីកំពុងជីកចាក់ដីក្នុងតំបន់២ក្បែរទន្លេនោះបានទេ ព្រោះទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ និងសាយ សូ បាននាំគ្នាទិញដីចំការពីពលរដ្ឋតាមប៉្របមាត់ទន្លេ មុនគំរោងនេះចាប់ផ្តើមក្នុង១ហិកតាពី៣ទៅ៥ពាន់ហិកតា ហើយបាននាំគ្នាជីកកកាយយកដីពីក្នុងតំបន់២ដដែលមកចាក់បំពេញដីដែលគេបានទិញរួច ពុះជាឡូត៍លក់ក្នុងតំលៃ១ម៉ឺន៥ពាន់ដុល្លាក្នុងមួយឡូត៍ដែលមានទំហំ៥មគុណនឹង២០ម តែពុះមានប្លង់នោះទេព្រោះជាដីតំបន់លិចទឹក។ ពលរដ្ឋបានបន្ថែមថា ឈ្មួញទាំង២នាក់នោះពេលគេសួរនាំរឿងប្លង់ដីដែលខ្លួនដាក់លក់ គឺបានឆ្លើយដាក់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តគ្រប់ពេល៕
មតិយោបល់