ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្ដេចតេជោជំរុញឲ្យធនាគារពិភពលោក ជួបមុខពិភាក្សាគ្នាជាជាងការប្រើទណ្ឌកម្ម ដើម្បីដាក់គំនាបលើប្រទេសតូចតាច

ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Victoria Kwakwa អនុប្រធានធានាគារពិភពលោក (World Bank) ទទួលបន្ទុកអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្ដេចបានរំឭកប្រាប់ធនាគារពិភពលោកថា ប្រសិនបើមានកិច្ចការអ្វីមួយមិនច្បាស់ គឺភាគីទាំងសងខាងត្រូវជួបមុខពិភាក្សាគ្នាឲ្យបានល្អិតល្អន់ មុននឹងចេញសេចក្ដីសម្រេចអ្វីមួយ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ ហើយក៏មិនគួរប្រើវិធានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីជាការដាក់គំនាបលើប្រទេសតូចតាចឡើយ។

បើតាមហ្វេសប៊ុកផ្លូវការរបស់សម្ដេច បានឲ្យដឹងមុននេះថា លោកស្រី Victoria Kwakwa ធ្វើដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះ គឺក្នុងគោលបំណងចូលរួមសារជាថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ធនាគារពិភពលោក រីករាយក្នុងការចូលរួមសហការជាមួយកម្ពុជា ក្នុងភាពជាដៃគូ។ លោកស្រី Victoria Kwakwa ក៏បានថ្លែងជម្រាបសម្តេចតេជោ អំពីវឌ្ឍនៈភាពគម្រោងចំនួន៤ ដែលបាន និងកំពុងធ្វើក្នុងឆ្នាំ២០១៦ និងគម្រោងចំនួន៣ផ្សេងទៀត សម្រាប់ឆ្នាំ២០១៧ខាងមុខ ពាក់ព័ន្ធនឹងវិស័យអប់រំ គ្រោះមហន្តរាយ និងជីវភាពប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ធនាគារពិភពលោក ទាំងក្នុងគម្រោងឆ្នាំ២០១៦ និងគម្រោង ដែលត្រូវអនុវត្តនៅឆ្នាំ២០១៧។ សម្តេចតេជោ មានក្ដីសោមនស្សរីករាយដែលធនាគារពិពភលោក មានបំណងល្អ ដើម្បីធ្វើការក្នុងភាពជាដៃគូឡើងវិញ ក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានរំឭកដល់តំណាងធនាគារពិភពលោក អំពីឯករាជ្យភាពនៃការងារ និងការយកចិត្តទុកដាក់បំពេញការងារក្នុងភាពជាដៃគូប្រកប ដោយភាពស្មោះត្រង់ មានជំនឿជឿជាក់លើគ្នា និងគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវផលប្រយោជន៍ល្អៗ សម្រាប់ភាគីទាំងពីរ ហើយក៏មិនប្រើគំនាបទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីគំរាមប្រទេសតូចតាចឡើយ។ ប្រសិនបើមានកិច្ចការអ្វីមិនច្បាស់ គឺភាគីទាំងសងខាង ត្រូវជួបពិភាក្សាឲ្យបានល្អិតល្អន់ មុនចេញសេចក្តីសម្រេចអ្វីមួយ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិ។

លោកស្រី Victoria Kwakwa ពេញចិត្តយ៉ាងខ្លាំងចំពោះប្រសាសន៍របស់សម្តេចតេជោ ដែលបានបើកបេះដូងនិយាយការពិតជម្រាបដល់លោកស្រី ដើម្បីកែលម្អ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឲ្យកាន់តែរលូនល្អប្រសើរឡើង។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ឋផលវិជ្ជមានគួរជាទីពេញចិត្ត៕

មតិយោបល់