ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្ក្រាប ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកផលិត ចរាចរជួញដូរ ចែកចាយគ្រឿងញៀន

ព្រៃវែងៈ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជំរុញ និងរំលឹកដល់អង្គភាពអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការបង្ក្រាប ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកផលិត ចរាចរ ជួញដូរ និងចែកចាយគ្រឿងញៀន ធ្វើយ៉ាងណាលុបបំបាត់ឲ្យបានដាច់ខាតនូវរាល់ការផលិត និងការប្រើប្រាស់គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ជាពិសេសនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្តជាដើម ។

ការថ្លែងនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរទិវារអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា នៅសួនច្បារក្រុងព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការ សឹករងខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។

លោកអភិបាលខេត្ត បានជំរុញឲ្យបន្តការអប់រំផ្សព្ធផ្សាយតាមរូបភាព និងមធ្យោបាយទាំងក្នុងផ្នែក ពុទ្ធចក្រ និងអាណាចក្រ ឲ្យបានកាន់តែទូលំទូលាយ ដើម្បីឲ្យជនងាយរងគ្រោះ បានយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះវាបំផ្លាញអនាគតយុវជន សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី និងធ្វើឲ្យសហគមន៍ ដែលយើងរស់នៅពុំមានភាពថ្លៃថ្នូរ ចូរធ្វើឲ្យជីវិត សហគមន៍ និងអត្តសញ្ញាណ យើងគ្មានគ្រឿងញៀន៕

មតិយោបល់