ព័ត៌មានជាតិ

ចោរហេងស៊យ! រវល់ឡើងត្នោត ងាកមកវិញចោរលួចម៉ូតូបាត់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីអំពើលួចម៉ូតូ កាលពីវេលាម៉ោង​៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីវាល ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ​គួង គឿង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ​មុខរបរឡើងត្នោត ស្នាក់នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យមានឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទម៉ាកហៃយ៉ា០១គ្រឿង , ទួណឺវីស០១ , សោរថយន្ត០១ , ដែកកេះ០២ , ទុយោ០២ , កាបូបដៃ ពណ៌ខ្មៅ០១ និងលុយរៀល២០០រៀល។ ចំណែកសម្ភារ:បាត់បង់ម៉ូតូ១គ្រឿង ម៉ូតូម៉ាកគុប៩០ គ្មានស្លាកលេខ(របស់ជនរងគ្រោះ)។

​មុន​ពេលកើតហេតុ​ជនរងគ្រោះបានជិះម៉ូតូទៅឡើងត្នោតដោយគិតថាម៉ូតូខ្លួនចាស់ទុកចោលដីវាលចិញ្ចើមផ្លូវបេតុងហើយទៅឡើងត្នោត ពេលចុះមកវិញបាត់ម៉ូតូក៏ដើររកបានជួបនឹងជនសង្ស័យកំពុងតែបណ្តើរហើយប្តឹងសមត្ថកិច្ចសង្កាត់បឹងធំឲ្យជួយឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានដើរទៅឃើញម៉ូតូទុកចោលនៅដីវាល ទើបបណ្តើរយកទៅ តែត្រូវម្ចាស់តាមទាន់។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់