ភ្នំពេញៈ កម្មការិនីរោងចក្រ២នាក់ ជិះម៉ូតូឌុបគ្នាបានជ្រុលបុកពីក្រោយរថយន្តដឹកដែករបស់ក្រុមហ៊ុន Camel ខណៈរថយន្តកំពុងបញ្ឆេះរៀបចេញដំណើរ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ទល់មុខបេប៊ីម៉ាត ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-8628។ ចំណែករថយន្តពណ៌លឿងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-1131 របស់ក្រុមហ៊ុនCamel ដឹកដែកពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរជាងដែក ជាបងថ្លៃនារីជាកម្មការិនីរបួសធ្ងន់ បានឲ្យដឹងថា ប្អូនថ្លៃគាត់ឈ្មោះ ឃុន ស្រីនិច អាយុ១៨ឆ្នាំ រងរបួសធ្ងន់ និងម្នាក់ទៀត ជាអ្នករួមដំណើរម្នាក់ រងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។
ប្រភពដដែលបន្តថាពេលលោកមកដល់កន្លែងកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យបាត់ហើយលោកគ្រាន់តែថានាងរបួសធ្ងន់លើមុខ និងទ្រូងនិងកម្មការិនីម្នាក់ទៀតរួមដំណើររបួសស្រាល។
ប្រភពព័ត៌មានពីអ្នកបើករថយន្តខាងលើបានឲ្យដឹងថានៅមុនពេលកើតរូបគាត់បានបើករថយន្តតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធីពីកើតទៅលិច រួចមកដល់ចំណុចកើតហេតុ បានឈប់រថយន្តអែបខាងស្តាំ ដោយបានពន្លត់ម៉ាស៊ីនតែបានបើកភ្លើងស្តុបទាំងសងខាងរួចនិយាយទូរសព្ទទៅម៉ូយដើម្បីរកកន្លែងទម្លាក់ដែក ពេលនិយាយទូរសព្ទរួចបញ្ឆេះថយន្តបម្រុងបន្តដំណើរក៏មានម៉ូតូដែលជិះដោយកម្មការិនី២នាក់បានមកបុកដែកនៅលើរថយន្តពីក្រោយតែម្តង។
ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងបានសម្រួលគ្នាដោយភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលទៅភាគីខាងម៉ូតូចំនួន២,០០០ ដុល្លារបញ្ចប់រឿង៕
មតិយោបល់