លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក បានបន្ថែមថា ការចាក់វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។ ក៏ប៉ុន្តែ ប្រជាជនម្នាក់ៗ ព្រមទាំងអាជ្ញាធររដ្ឋាភិបាល ត្រូវតែបន្តអនុវត្តវិធានការបង្ការ ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត មិនអាចធ្វេសប្រហែសបានទេ។ លោកបន្តថា វិធានការទាំងនោះ គឺការរក្សាគម្លាតសង្គម ការពាក់ម៉ាស ការលាងសំអាតដៃ ការតាមដានធ្វើតេស្ត ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និង ការធ្វើចត្តាឡីស័ក។

លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បានលើកឡើងថា ស្ថាប័នលោកមិនចង់ឃើញការបិទខ្ទប់ ដែលអូសបន្លាយគ្មានថ្ងៃបញ្ចប់នោះទេ។ ក៏ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ននេះ គឺគ្មានជំរើសផ្សេងទេ ព្រោះចំនួនមនុស្សឆ្លងថ្មី និងស្លាប់ដោយកូវីដ១៩នេះ ចេះតែកើនឡើង។ លោកថា នៅតាមប្រទេសខ្លះ ថ្វីបើការឆ្លងរាលដាលស្ទុះឡើងខ្លាំង តែប្រជាជនម្នាក់ៗ ព្រមទាំងអាជ្ញាធរដ្ឋាភិបាល នៅតែព្រងើយកន្តើយ នៅតែមានការជួបជុំគ្នាអ៊ូរអ ទីផ្សារមនុស្សណែនណាន់តាន់តាប់ ដោយគ្មានការប្រុងប្រយ័ត្ន រក្សាគម្លាតទាល់តែសោះ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ មានមនុស្សស្លាប់ដោយកូវីដ១៩ ជិត៣លាននាក់ហើយ នៅទូទាំងពិភពលោក ដោយក្នុងនោះ១លាននាក់នៅអឺរ៉ុប។ ការឆ្លងរាលដាល កំពុងស្ទុះឡើងខ្លាំងនៅតាមប្រទេសមួយចំនួន ដូចជាឥណ្ឌា ដែលបច្ចុប្បន្ននេះមានអ្នកឆ្លងកូវីដ១៩ សរុប១៣លាន៥សែននាក់។ ឥណ្ឌាគឺជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនបំផុត។ លោក Rajib Dasgupta សាស្ត្រាចារ្យវិជ្ជសាស្ត្រនៅសកលវិទ្យាល័យ Jawaharlal Nehru បានសង្កេតឃើញដោយក្តីបារម្ភថា ស្ថានការណ៍ម្លឹងហើយ នៅឥណ្ឌាបច្ចុប្បន្នគ្មាននរណាខ្វល់ខ្វាយ គោរពរក្សាគម្លាតសង្គមទេ៕


មតិយោបល់