ព័ត៌មានជាតិ

វ៉ាជែងត្បុររុលទៅពីមុខ រថយន្តជាន់ហ្វ្រាំងមិនទាន់ បុកបាក់ជើងប្តី និងប្រពន្ធរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូសេ១២៥មួយគ្រឿង ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បើកលើផ្លូវក្នុងស្ថានភាពកកស្ទះចង្អៀត រួចបើកវ៉ាជែងត្បុរ រុលទៅមុខ ក៏ត្រូវរថយន្តជាន់ហ្វ្រាំងមិនទាន់ បុកប្រ៉ាវ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ឈន មាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសបាក់ជើងឆ្វេង ចំណែកស្រ្តីជាប្រពន្ធ ឈ្មោះ ហ៊ុន ចម្រើន អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ រងរបួសស្រាល ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្នួល ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ។

ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6414 ។ ចំណែករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4760 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ មិនឃើញនៅកន្លែងកើតហេតុ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលស្ថានភាពកំណាត់ផ្លូវ ត្រង់ចំណុចខាងលើ កំពុងមានការកកស្ទះចរាចរណ៍ខ្លាំង ម៉ូតូខាងលើបានធ្វើដំណើរពីជើងទៅត្បូង បានវ៉ាជែងគេឯង ឲ្យតែមានប្រឡោះណាវាល ត្បុលរុលទៅមុខ ហើយជ្រៀតចូលមុខ រថយន្តហយឡែនឌ័រ ដោយរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏បុកប្រ៉ាវ បណ្ដាលឲ្យបុរសជាប្ដីបាក់ជើង និងស្រ្ដីជាប្រពន្ធរបួសស្រាល ចំណែករថយន្ត បើកអែបដាក់កៀនខាង ខណ:អ្នកបើកបរដាក់មេប្រូចបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម:។ រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចជំនាញ បានចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់