ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន បុកគោយន្តកន្ត្រៃ ផ្ដាច់ជីវិតបុរសម្នាក់

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងគោយន្តកន្រ្តៃ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់
កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៥-១០៦ ស្ថិតនៅភូមិអូព្រាល សង្កាត់បុស្បូវ ក្រុងសំរោង។

សពជនរងគ្រោះឈ្មោះ ឌំ បូរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាទាហាននៅកងពលលេខ៥ មានទីលំនៅបច្ចុប្បន្ន នៅភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក HONDA CLUB ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ១AR-៧៨៩៩ ក្នុងល្បឿនលឿន ហើយទៅបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ គាប់ ផុង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ពុំមានរងរបួស)។

ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍ បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង រងចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់