ព័ត៌មានជាតិ

(មានវីដេអូ) ឈ្មួញ២នាក់ឈូសឆាយដីអត់ច្បាប់ រំលោភយកធ្វើជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យ

កំពង់ធំៈ ឈ្មួញបានយកគ្រឿងធ្វើសកម្មភាពឈូសឆាយដីយ៉ាងអនាធិបតេយ្យនៅតំបន់សូងសាង ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយយកលេះថាជាដីសម្បទានសង្គមកិច្ចជនពិការ តែដីរបស់ជនពិការពិតប្រាកដនោះ ត្រូវបានក្រុមឈ្មួញឈ្មោះ ឆេង លី និងឈ្មោះ ឆេង ឃី គំរាមប្រជាពលរដ្ឋ ហើយប្រមូលទិញក្នុងតម្លៃថោកៗ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែកក្តដានេះ ក្រុមឈ្មួញ យកគ្រឿងចក្រមកឈូសឆាយខុសគោលដៅ តែសមត្ថកិច្ចជំនាញធ្វើព្រងើយ។

ប្រភពច្បាស់ការណ៍ពីតំបន់សូងសាង បានប្រាប់អ្នកសារព័ត៌មានថា តាមពិតដីនៅចំនុចខាងលើនេះ គឺជាដីសម្បទានសង្គមកិច្ចសម្រាប់ជនពិការមែន តែដីនេះក្នុង១គ្រួសារទទួលបានត្រឹម៣ទៅ៤ហិកតាប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ មិនទាន់មានក្រុមគ្រួសារជនពិការណាមានដីធ្វើចំការឡើយ ផ្ទុយទៅវិញដីនៅតំបន់សូងសាងនេះជាង២០០ហិកតាត្រូវបានធ្លាក់ទៅលើដៃឈ្មួញឈ្មោះ ឆេង លី និងឈ្មោះ ឆេង ឃី ជាបងប្អូនបង្កើត រស់នៅក្នុងខេត្តកំពង់ចាម។

ប្រភពដដែលនេះ បានបន្តថា ក្រុមឈ្មួញទាំង២នាក់បងប្អូននេះ បានគំរាមឲ្យជនពិការ លក់ដីឲ្យក្នុងតម្លៃថោក បើកពុំដូច្នោះទេពួកគេនឹងយកដីទទេ ជាក់ស្តែងដីអ្នកស្រី សោ ភ័ណ្ឌ ៦ហិកតា ដីលោក ហង់ ឆើយ ៣ហិកតា និងដីជនពិការជាច្រើននាក់ទៀត ត្រូវបានមេខ្លោពីរ២នាក់នេះ រំលោភយកដោយគ្មានសំណង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងបីនាក់ខាងលើនេះ ក៏បានប្តឹងទៅស្រុក ខេត្តហើយ តែមិនទាន់មានលទ្ធផលឡើយ ទង្វើល្មើសច្បាប់នេះ គឺកើតឡើងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានបើកភ្លើងខៀវឲ្យ ក្រុមឈ្មួញឈូសឆាយដីព្រៃយ៉ាងអាណាធិបតេយ្យ ហើយសមត្ថកិច្ចនៅពីក្រោយខ្នង ដើម្បីទទួលលាបសក្ករៈយ៉ាងរំភើយ។

ពាក់ព័ន្ធ ជាមួយការចោទប្រកាន់នេះ លោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឆ្លើយថា ដីនៅតំបន់នេះ គេមានច្បាប់ តែបើចង់ដឹងច្បាស់សូមសួរទៅលោក ឈៀង មាលា ជានាយសង្កាត់រដ្ឋបាលព្រៃឈើក្រយាទៅ តែលោកនាយសង្កាត់គ្រយា បានឆ្លើយបដិសេធ ថាលោកមិនដឹងទេ ព្រោះមានស៊ីញេពីលោកអភិបាលរងស្រុក ជាមួយគ្នានេះ លោក រស់ សារីម អភិបាលរងស្រុកសន្ទុកបានប្រាប់ថា លោកអនុញ្ញាតឲ្យឈូសឆាយតែដីប្លង់ផ្ទះជាប់ផ្លូវទេ ចំពោះគ្រឿងចក្រដែលឈូសឆាយដីខុសគោលដៅនោះ លោកមិនទទួលខុសត្រូវឡើយ៕

មតិយោបល់