ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ មិនសម្រេច កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះលេខ៣៨៨ ផ្លូវម៉ៅសេទុងក្រុម៣០ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យទីឈ្មោះ ឡា ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពុំស្គាល់អាស្រ័យដ្ឋាន ជាអ្នកបើកម៉ូតូ បានរត់គេចខ្លួនបាត់ (ស្គាល់គ្នានៅកោះពេជ្រ)។ ទី២-ឈ្មោះផេន សៀវលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារស៊ិដនី ផ្លូវឌឿងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកឯជនរងគ្រោះឈ្មោះ ករុណា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកស្រាបៀរកម្ពុជា មានទីលំនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1DH-3636 (ម៉ូតូជិះធ្វើសកម្មភាព) និងការបូបស្ពាយ ពណ៌ក្រហម ចំនួន០១ (ជារបស់ជនរងគ្រោះ)។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីលក់ស្រាបៀរ នៅហាងហ្គោដថេស សង្កាត់ទឹកល្អក់១ ដោយមានអ្នកធ្វើការ ជាមួយគ្នាម្នាក់ទៀតឈ្មោះខុម ជាអ្នកឌុប គោលបំណងទៅផ្ទះ ។
លុះមកដល់ចំណុចមុខផ្ទះលេខ៣៨៨ ផ្លូវ២៤៥ ក្រុម៣០ភូមិ១១ សង្កាត់បឹងសាឡាង ស្រាប់តែមានម៉ូតូខាងលើ ឌុបគ្នាពីរនាក់ បានជិះមកអែបខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ នៅពេលនោះជនរងគ្រោះ ក៏ចាប់ទាញមកវិញ បណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះជនសង្ស័យព្យាយាមរត់គេច តែជនរងគ្រោះ បានស្រែកឆោឡោឡើង ធ្វើឲ្យអ្នករួមដំណើរ និងប្រជាពលរដ្ឋនាំគ្នា ជួយឃាត់បានជនសង្ស័យម្នាក់ រួមទាំងវត្ថុតាង រួចប្រគល់ឲ្យនគបាលប៉ុស្តិ៍បឹងសាឡាង ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕
មតិយោបល់