ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មានករណីនារីម្នាក់ មកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អត្រូវបានអ្នករត់កង់បីឥណ្ឌា និងប្រជាពលរដ្ឋឆ្លងកាត់ទីនោះ ជួយសង្គ្រោះទាន់ពេល ដែលហេតុការណ៍នេះ កើតទ្បើងនៅលើស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតក្នុងទឹកដីសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពពីអ្នកបើកកង់បីឥណ្ឌា បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញស្ត្រីរងគ្រោះ ដើរតែម្នាក់ឯងសំដៅឡើងទៅស្ពានអាកាសព្រះមុនីវង្សថ្មី ដល់ពាក់កណ្ដាលស្ពាន ស្រាប់តែឃើញនាងឡើងលើបង្កាន់ដៃស្ពាន ប្រុងលោតពីលើស្ពាន នៅពេលនោះ គាត់បន្ថែមល្បឿនម៉ូតូយ៉ាងលឿន ហើយឈប់ស្ទុះទៅចាប់ទាញជើងនារីរងគ្រោះជាប់ និងមានប្រជាពលរដ្ឋផ្សេងទៀត ធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ចុះមកជួយផង ទើបអាចលើកស្ត្រីរូបនោះចេញពីបង្កាន់ដៃស្ពានដោយសុវត្ថិភាព។
ក្រោយជួយសង្គ្រោះស្ត្រីខាងលើរួច ពួកគាត់បានយកទូរស័ព្ទដៃជាប់នឹងខ្លួនជនរងគ្រោះ តេទៅរកក្រុមគ្រួសារ ក៏បានជួបប្តីរបស់នាង សួរនាំទើបដឹកពីមូលហេតុ ដោយសាររឿងទាស់សម្ដីគ្នាជាមួយប្ដី ហើយដើរចេញបាត់ពីផ្ទះនៅផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ តាំងពីល្ងាច។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម បុរសជាស្វាមីបានជិះម៉ូតូមួយគ្រឿងមកយកប្រពន្ធខ្លួន ពេលមកដល់នាងមិនព្រមឡើង ទៅជាមួយទេ បូករួមនឹងខ្មាសគេផង បុរសជាប្តីនោះ ក៏បើកម៉ូតូទៅចោលនាងបាត់ទៅ៕
មតិយោបល់