កំពង់ធំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមានអាវុធ(កាប់នឹងកាំបិតប៉័ងតោ) បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ដោយសារទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី នៅចំណុចតូបលក់ស្រានៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ជួប វួច ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ (របួសក្បាល០១កន្លែង,ចុងមាត់ខាងស្ដាំ០១កន្លែង, ភ្លៅខាង ឆ្វេង០១កន្លែង, កដៃស្ដាំ០១កន្លែង ។ ចំណែកជនដៃដល់ឈ្មោះ ស្រុង ស្រ៊ែ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិ-ឃុំជាមួយគ្នា ។
ប្រភពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់អង្គុយផឹកស្រានៅកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះមកផឹកជាមួយ ។ បានមួយសន្ទុះក៏កើតមានទំនាស់ពាក្យសម្តីគ្នា រហូតជនរងគ្រោះវាយជនសង្ស័យ១ដៃចំភ្នែកឆ្វេង ទើបជនសង្ស័យយកកាំបិតកាប់សាច់(របស់អ្នកលក់) កាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរបួសតែម្ដង។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់បាននៅម៉ោង២២ថ្ងៃដដែល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅឃុំទ្រៀល ។
ចំណែកជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួន និងរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់