កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយនឹងបន្តការពិភាក្សា ជាមួយក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ក្នុងការដោះស្រាយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរំលឹកឡើងវិញ នៅថ្ងៃពុធនេះថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាឆ្នាំថ្មី ទៅកាន់ប្រជាជាតិខ្លួនថា លោកចង់ពង្រឹងទំនាក់ទំនង អាមេរិកជាមួយកូរ៉េខាងជើង។
សម្រាប់ជំនួបកំពូលលើកដំបូងជាប្រវត្តិសាស្ត្រ រវាងលោក ត្រាំ និងលោក គីម បានកើតទ្បើងកាលពីឆ្នាំមុន នៅប្រទេសសិង្ហបុរី។ ដោយមេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការធ្វើសមយុទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូង ដើម្បីជាការផ្លាស់ប្តូរ ចំពោះការសន្យារបស់ខ្លួន ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរ។
សូមជំរាបថា ភាពតានតឹងជាយូរអង្វែង នៅលើឧបទ្វីបកូរ៉េ បានចាប់ផ្តើមធូរស្រាល បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញនូវឆន្ទៈរបស់ខ្លួន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយបានងាកមកធ្វើកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង និងអាមេរិក៕
មតិយោបល់