ព័ត៌មានជាតិ

Update៖ សាហាវណាស់! រថយន្តបែនដឹកដីចង្កូតស្តាំ ដាច់ហ្វ្រាំងបុករះរថយន្តនិងម៉ូតូ៤គ្រឿង របួសមនុស្សធ្ងន់ស្រាល១៥នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលមកពីរថយន្តដឹកខ្សាច់ ប្រភេទបែនដឹកដីមួយគ្រឿង ម៉ាកNISSAN ពាក់ស្លាកលេខ ចង្កូតស្តាំ KPS-0576 ចុះចំណោតបានដាច់ហ្វ្រាំងបុករះ រថយន្តដឹកភ្ញៀវម៉ាកកូរ៉ូឡា ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 2C-8424 បន្តបុកជាមួយ ម៉ូតូម៉ាកហុងដាសេ២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1703 រួចបន្តបុកនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-2746 រួចបន្តបុកម៉ូតូម៉ាក FTR ពណ៌ ខៀវ គ្មានស្លាកលេខ បណ្តាលឲ្យមនុស្សចំនួន១៥នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ទី២ ខែមករា ឆ្នាំ២០១៩ លើផ្លូវបេតុង ក្រុម៧ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង១៥នាក់នេះ មានជនជាតិខ្មែរចំនួន៧នាក់(ក្នុងនោះមានស្រី២នាក់ និងក្មេង២នាក់) ,ចំណែក៨នាក់ទៀត ជាជនជាតិចិន។ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់