ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចខ្សែភ្លើង មួយចំនួននៅបុរីភ្នំពេញថ្មី ហើយត្រូវប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសំណង់បុរីភ្នំពេញថ្មី ផ្លូវ៥៩៨ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត សុខា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រង២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ កែវ ស៊ីដេត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅផ្ទះលេខ៦អា ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មុននឹងឈានដល់ការឃាត់ខ្លួន ប្រជាពលរដ្ឋនៅក្នុងបុរីបានរាយការណ៍ប្រាប់សមត្ថកិច្ចថាមានជនសង្ស័យចូលលួចខ្សែភ្លើង ពេលសមត្ថកិច្ចកំពុងតែល្បាតក្បែរនោះក៏បានដើរចូលទៅចាប់ខ្លួនបានតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចខ្សែភ្លើងគេពិតប្រាកដមែន ។
បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចបានដកហូតបានភ្លើងវត្ថុតាងមានចំនួនប្រហែល១គីឡូ និងឧបករណ៍មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចូលទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់