ព័ត៌មានជាតិ

មន្រ្តី​កាំកុងត្រូល រកឃើញជ្រក់កូនស្ពៃ​មានផ្ទុកសារជាតិអាស៊ីតហាមឃាត់ នៅផ្សារដើមគ

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក និងផ្សារជម្ពូវ័ន ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង និងផ្សារព្រែកឯង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ឈាមជ្រូក សាច់ជ្រូកផាត់ សាច់ក្រកសាច់គោ នំបញ្ចុក បាញ់ហយ សៀង និងខ្ញីហាន់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផលបានមន្ត្រីជំនាញបានរកឃើញសាលីសាលិកអាស៊ីតនៅក្នុងជ្រក់កូនស្ពៃ
ចំនួន ១៨ គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុ និងដកហូតយកមកកម្ទេចចោលនៅនឹងកន្លែង។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់