ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែរមានរថយន្តដឹកដីមួយគ្រឿងបើកបរលើផ្លូវក្រាលកៅស៊ូពីជើងទៅត្បូងរួចបត់ឆ្វេងតោងឡើងលើផ្លូវជាតិលេខ៨ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិច បានជ្រុលទៅបុកចំចំហៀងផ្នែកខាងឆ្វេងរថយន្តខាងលើនោះបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ហេតុការណ៍នេះបានកើតឡើងស្ថិតនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ លើផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថា៖ ភាគីរថយន្តបើកបរដោយឈ្មោះ យូ បុល ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅ ភូមិត្រពាំងសេះ ឃុំអង់រមាស ស្រុកឈូក ខេត្តកំពត រថយន្តគ្រឿងម៉ាកអេស៊ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៨២៣៤ ។ រីឯភាគីខាងម៉ូតូម៉ាក honda cbr ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ១HU ៨៨៥៨ បើកបរដោយឈ្មោះសុន សុជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ចំណែកម៉ូតូរងការខូចខាតធ្ងន់រីឯរថយន្តរងការខូចខាតស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ ចំណែកម៉ូតូនឹងរថយន្តរួមទាំងអ្នកបើកបររថយន្តសមត្ថកិច្ចបានយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់