ភ្នំពេញៈ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើង រវាងម៉ូតូធំមួយគ្រឿង ម៉ាក FZ និងម៉ូតូ ViVAបុកគ្នាចំពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ទំនងជាស្រវឹងស្រា បានជិះម៉ូតូ VIVA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខនគរបាល 1-5560 ធ្វើដំណើរចេញពីច្រកចេញចូលផ្សារក្រមួន រួចឡើងមកផ្លូវជាតិលេខ២ រួចឆ្លងបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមានម៉ូតូធំមួយគ្រឿងទៀត ម៉ាក Honda FZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DB-3517 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាចំពេញទំហឹងតែម្តង បណ្តាលឲ្យរងរបួសទាំងសងខាងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយទៀត៕
មតិយោបល់