កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងនគរបាលខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគំរាមហែកកេរ្តិ៍(តាមទូរស័ព្ទ) កាលពីខែតុលាឆ្នាំ ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីនគរបាលខេត្តកណ្តាលបានឱ្យដឹងថាជនរងគ្រោះ០២នាក់ ទី១.ឈ្មោះ គ.គ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ជ .ធ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
ចំណែកជនសង្ស័យឈ្មោះ ចេង មិត្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់ ប្រើប្រាស់ facebook ឈ្មោះ Ahmoa Tps និង ប្រើប្រាស់លេខទូរស័ព្ទ១.0712223640,២.071 7403444,៣.081 754442។
មន្ត្រីនគរបាលដដែលបន្តថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅជនរងគ្រោះទាំង០២នាក់ខាងលើ មានទំនាក់ទំនងជាមួយជនសង្ស័យ តាមរយៈទូរស័ព្ទ និងFacebook។ បន្ទាប់ពីបាននិយាយនិងឆាតជាមួយគ្នាជាហូរហែមក បានប្រមាណជា១សប្ដាហ៍ ស្រាប់តែជនសង្ស័យ ខាងលើបានសុំមើលរូបថតអាក្រាតកាយរបស់ជនរងគ្រោះទាំង០២នាក់ (ម្នាក់ម្ដង)មុនក្រោយគ្នាហើយជនរងគ្រោះ ក៏បានផ្ញើរូបអាក្រាតកាយទៅឲ្យជនសង្ស័យតាម រយះAccount facebook ឈ្មោះ Ahmoa Tps។
បន្ទាប់ពីមានរូបថតអាក្រាតកាយនៅក្នុងដៃហើយជនសង្ស័យក៏បានទូរស័ព្ទសុំលុយពីជនរងគ្រោះទាំង០២នាក់តែជនរងគ្រោះពុំព្រមឲ្យពេលនោះជនសង្ស័យបាននិយាយគំរាមថាទាញយករូបថតអាក្រាតកាយរបស់ពួកគេទាំង០២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយFacebook។
ដោយមានការភ័យខ្លាចជនសង្ស័យយករូបភាពអាក្រាតបង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយសង្គម នារីរងគ្រោះទាំង០២នាក់ខាងលើ ក៏បានផ្ញើលុយទៅឲ្យជនសង្ស័យតាមរយៈភ្នាក់ងារវេរលុយ អ៊ីម៉ាន់នី និងwing ជាបន្តបន្ទាប់តាមអ្វីដែលជនសង្ស័យត្រូវការពុំដែលខាន ដែល សរុបជាទឹកប្រាក់ទាំងអស់រួមមាន៖ជនរងគ្រោះទី១ អស់ទឹកប្រាក់សរុប ចំនួន១.៨០០.០០០និង ៥០០ដុល្លារអាមេរិក។ ជនរងគ្រោះទី២ អស់ទឹកប្រាក់សរុប ចំនួន១.៧០០ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៦៤ម៉ឺនរៀល។
លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះរកលុយផ្ញើឲ្យជនសង្ស័យលែងបានទើបមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវតាមចាប់មុខសញ្ញា ដើម្បីយកមកបន្តចាត់ការតាមនីតិវិធី។
យោងតាមការស្រាវជ្រាវស៊ើបអង្កេត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចជំនាញខេត្ដតាកែវ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចភ្នាក់ងារwingវេលុយផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះចេង មិត្ដ បានសារភាពថាខ្លួនបានស្គាល់គ្នាជាមួយជនរងគ្រោះទាំង ០២ នាក់ខាងលើតាមរយៈឆាត Facebook ជាមួយគ្នាបន្ទាប់មកបានលួងលោមជនរងគ្រោះឲ្យថតរូបអាក្រាតកាយផ្ញើឲ្យគ្នាមើល ក្រោយមកក៏បានទូរស័ព្ទទៅជនរងគ្រោះជាបន្ដបន្ទាប់ ឲ្យផ្ញើលុយមកឲ្យខ្លួន បើមិនដូច្នោះទេនឹង បង្ហោះរូបអាក្រាតកាយរបស់ ជនរងគ្រោះ ទៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមFacebook ឲ្យសាធារណៈជនបានឃើញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តកណ្តាលដើម្បីសាកសួរចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់