ព័ត៌មានជាតិ

មន្ដ្រីគយខេត្តបន្ទាយមានជ័យ ចាប់ផ្តើមចាប់ម៉ូតូអត់ពន្ធ

បន្ទាយមានជ័យៈ ជាលើកទីមួយហើយ ដែលមន្ដ្រីគយខេត្តបន្ទាយមានជ័យ ដាក់ប៉ុស្តិ៍ស្ទាក់ចាប់ម៉ូតូអត់ពន្ធ តម្រូវឲ្យបង់ពន្ធនៅលើកំណាត់ផ្លូវជាលេខ៥ ត្រង់ចំណុចអតីតសួនស្ព័រ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក កៅ វិសុទ្ធ មន្ត្រីគយខេត្តបន្ទាយមានជ័យ ដែលចុះអនុវត្តន៍ជាក់ស្ដែងដោយមានការសហការជាមួយសមត្ថកិច្ចនគរបាល និងប៉េអិម ក្នុងការឃាត់ចាប់ម៉ូតូ ដែលគ្មានពន្ធនាំចូល បានឲ្យដឹងថា លោកទទួលបានការណែនាំពីលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ក្នុងការចុះអនុវត្ត បង្ក្រាបលើម៉ូតូដែលគ្មានការបង់ពន្ធនាំចូលឲ្យបង់ពន្ធភ្លាមៗ បើម្ចាស់ម៉ូតូណា មានលទ្ធភាពសម្រាប់បង់ពន្ធ។

លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងដែរថា បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈដល់ម្ចាស់យានយន្តឲ្យចូលបង់ពន្ធទាន់មានការអនុគ្រោះ តែពួកគាត់មួយចំនួននៅតែមិនព្រមចូលបង់ពន្ធដូច្នេះ យើងត្រូវបង្ខំឲ្យបង់ពន្ធទាន់ការបង់នៅមានការអនុគ្រោះ មិនមានការផាកពិន័យ និងបង់ពន្ធពេញ។ ព្រោះថា ចាប់ពីខែសីហា ២០១៦ ខាងមុខនេះតទៅ មិនមានការអនុគ្រោះ គឺត្រូវបង់ពន្ធពេញ។

លោកបន្តថា ជាមួយនឹងការចាប់នេះ បានអនុវត្តន៍ជាច្រើនខែមកហើយក្នុងនោះបានម៉ូតូរាប់រយគ្រឿង ជាមួយគ្នាក៏បានពន្យល់ឲ្យគាត់យល់ពីការនៅអនុគ្រោះ និយាយរួមដូចជាការជួយពួកគាត់ មិនឲ្យមានការបង់ពន្ធពេញ។

សូមបញ្ជាក់ថា កន្លងមកខេត្តបន្ទាយមានជ័យ មន្ត្រីគយពុំដែលចុះអនុវត្តន៍លក្ខណៈទូទៅក្នុងការបង្ក្រាបម៉ូតូ ឬយានយន្តគ្មានពន្ធឡើយ គឺមានតែការឆ្មក់ចាប់ លើមុខសញ្ញាដែលបានកំណត់តែប៉ុណ្ណោះ។ តាមរយៈនៃការរឹតបនឹ្តងបង្ក្រាបម៉ូតូ ឬយានយន្តអត់ពន្ធធ្វើឲ្យប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយស្របច្បាប់៕

មតិយោបល់