ព័ត៌មានជាតិ

រថយន្ត​ស៊េរីទំនើប BMW​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AI-1555 បុករថយន្តក្រុងដឹកអ្នកដំណើរ ផ្អើលទាំងយប់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ​រថយន្ត​ស៊េរីទំនើប​មួយ​គ្រឿង​ម៉ាក ​BMW​ បោះ​យ៉ាង​លឿន​ ទៅ​បុក​រថយន្តក្រុង​មាន​ដឹក​អ្នកដំណើរ​ បណ្តាល​ឲ្យរង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៩ ​និង១២​នាទី​យប់​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ នៅ​ចំណុច​បុរី​សុភមង្គល ​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​។

សមត្ថកិច្ច ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញរថយន្តក្រុងដឹកអ្នក​ដំណើរមួយគ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ ៣D-៦៤០៥ ​ធ្វើដំណើរ​ផ្លូវជាតិ​លេខ​៦ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​​​មក​ដល់​ចំណុច​កើតហេតុ​ ​ស្រាប់តែ​មាន​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង ជិះគ្នា​​៤នាក់ជាជនជាតិចិន​ ក្នុងនោះមានស្ត្រី៣នាក់ ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់ជា​អ្នក​បើកបរ​រថយន្ត​​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​២AI-១៥៥៥ ​ធ្វើដំណើរ​ចេញ​មក​ពី​ក្នុង​បុរី​មួយកន្លែង ​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ ក៏​​ជ្រុល​ចង្កូត​ទៅ​បុក​ពីមុខរថយន្តក្រុង​​ពេញទំហឹង​ បណ្តាល​ឲ្យរថយន្តក្រុង​រង​ការ​ខូចខាត ​ខ្ទេច​អស់​​មួយ​ចំ​ហៀ​ង​ខាងឆ្វេង​ និ​ង​បែក​កញ្ចក់មុខ ​រីឯ​រថយន្ត​ BWM​ វិញ បានរងការ​​ខូចខាត​ខ្ទេច​ទ្វារ​ខាងស្តាំ​ និង​បែក​កញ្ចក់​ខាង​មុខ​ផ្នែក​ខាងស្តាំ ប៉ុន្តែសំណាងល្អ​​ភាគី​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​សងខាង​មិន​មាន​រង​របួសទេ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច បានចុះ​ធ្វើការ​វាស់វែង និងយករថយន្ត​ទាំង​សងខាង ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ដើម្បីរង់​​ចាំ​ដោះស្រាយ​គ្នា​​ពេល​ក្រោយ​ទៀត​៕

មតិយោបល់