ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ ប្រមាណជាង១ម៉ឺនដុល្លារ

ភ្នំពេញៈ នារីម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីលួចយកប្រាក់ នៅក្នុងផ្ទះប្រមាណជាង១ម៉ឺនដុល្លារ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាច នៅចំណុចផ្ទះលេខ៨៥ ក្រុម២ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យខាងលើមានឈ្មោះ កែវ គន្ធសុវណ្ណនី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) នៅផ្ទះជាមួយជនរងគ្រោះ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌី ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៥ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

សម្ភារៈបាត់បង់៖ ប្រាក់រៀលចំនួន ៣,០០០,០០០រៀល និងប្រាក់ដុល្លារចំនួន១០,២៥០ដុល្លារ ។ សម្ភារៈបន្សល់ទុក ៖ មូលប្បទានប័ត្រ គ្មានសាច់ប្រាក់ចំនួន ០៣សន្លឹក។

តាមការរៀបរាប់របស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ យប់ ជនស្ស័យខាងលើ រស់នៅជាមួយជនរងគ្រោះ ហើយបានធ្វើសកម្មភាពលួចយកលុយរបស់ជនរងគ្រោះ ពីក្នុងកាបូប នៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ រហូតដល់ថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦ និង៣០នាទី មិនឃើញជនសង្ស័យត្រឡប់មកផ្ទះវិញ ពេលនោះជនរងគ្រោះ បានទៅមើលលុយរបស់ខ្លួន ស្រាប់តែបាត់លុយពីក្នុងកាបូបទុកក្រោមគ្រែ រួចជនរងគ្រោះ ទៅឆែកកាម៉េរាសុវត្ថិភាព ឃើញជនសង្ស័យខាងលើ ធ្វើសកម្មភាពយកលុយរបស់ខ្លួន ទើបជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង។

លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាច ជនសង្ស័យ បានត្រឡប់មកផ្ទះវិញ ជនរងគ្រោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ធ្វើការសាកសួរតែម្តង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយ ក្នុងការបូបរបស់ជនរងគ្រោះ ទៅចាយអស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់