ព័ត៌មានជាតិ

ផ្អើលទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋព្រោះតែរឿងហ្នឹងនៅខណ្ឌ៧មករា

ភ្នំពេញៈ ធ្វើឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចភ័យស្ទើរលស់ព្រលឹងគឺជាស្នូរសម្លេងផ្ទុះធុងខ្យល់របស់អាជីវករដែលប្រកបរបរជុសជួលរថយន្ត កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយវត្តព្រះពុទ្ធមានបុណ្យតាមបណ្តោយផ្លូវលេខ១៨២កែង៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីបុរសម្នាក់ ដែលមានសម្បុរខ្មៅស្រអែម ដែលជាម្ចាស់តូបលក់សៀវភៅ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានជាងជុលជុលរថយន្តម្នាក់ ដែលមានការ៉ាស់ក្បែរនោះ បានយកធុងខ្យល់មួយសម្រាប់ផ្សារភ្ជាប់បំពង់ស៊ីម៉ាំងរថយន្ត មកផ្សារនៅក្បែរតូបលក់សៀវភៅរបស់គាត់។

ប្រភពដដែលបន្តថា បន្ទាប់ពីជាងផ្សារបំពង់ស៊ីម៉ាំងរួច មិនបានយកបំពង់ស៊ីម៉ាំងនោះ ទៅទុកក្នុងការ៉ាស់វិញទេ ដោយទុកចោលលើចិញ្ចើមផ្លូវ ស្របពេលដែលមានអាកាសធាតុបើកថ្ងៃក្តៅ បំពង់ខ្យល់ស្រាប់តែផ្ទុះលាន់ដូចរន្ទះបណ្តាលឲ្យខូចខាតតូបសៀវភៅរបស់គាត់អស់មួយចំនួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យភ្លាមៗពេលដឹងថា ជាករណីផ្ទុះធុងខ្យល់ ក៏បានហៅម្ចាស់ការ៉ាស់នាំទៅប៉ុស្តិ៍នគរបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យារួចទើបឲ្យត្រឡប់មកផ្ទះវិញ៕

មតិយោបល់