កោះកុងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយមានការសហការពីលោកនាយកសាលា បានចុះត្រួតពិនិត្យទំនិញ និងអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា បឋមសិក្សា និងអនុវិទ្យាល័យឫស្សីជ្រុំ ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញដូចជា៖ ទឹកដោះគោជូ ចាហួយ និងមីឡូដបកែវ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលទំនិញផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ ចាហួយម៉ាក Freashy ចំនួន ០៦ កេសធំ, ទឹកដោះគោជូ ចំនួន ១៤ យួរ ,មីឡូដបកែវ ចំនួន ០៦ ដប សរុបទាំងអស់មានទំងន់ ៧០ គីឡូក្រាម។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ។
ក្នុងឱកាសនោះ មន្រ្តីកាំកុងត្រូល បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា៖ របៀបពិនិត្យលើស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យនៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម និងបានចែក ខិត្តប័ណ្ណអប់រំ ស្តីពី “សុវត្ថិភាពចំណីអាហារ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ផងដែរ៕
មតិយោបល់