ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នេះ បានកោះអញ្ជើញប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញប្រមាណជាង៣០គ្រួសារមកប្រជុំនៅសាលារាជធានីភ្នំពេញ។
ការកោះអញ្ជើញឲ្យមានកិច្ចប្រជុំនេះឡើង គឺដើម្បីសម្របសម្រួលដោះស្រាយលើបញ្ហាលំនៅឋាន ដែលអាជ្ញាធរអះអាងថា ពួកគាត់បានរំលោភចូលដីរបស់រដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីផ្លូវរថភ្លើងមកទិសខាងកើត (គល់ស្ពានជ្រោយចង្វារ) ដែលប៉ះពាល់ក្នុងការរំលោភយកដីរបស់រដ្ឋ នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ មានចំនួនទាំងអស់ចំនួន៧៤គ្រួសារ តែមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការសម្របសម្រួល និងដោះស្រាយត្រូវរ៉ូវគ្នាបានចំនួន៤០គ្រួសារហើយ ពោលគឺនៅសល់ចំនួន៣៤គ្រួសារទៀតប៉ុណ្ណោះ ដែលដោះស្រាយមិនទាន់ត្រូវគ្នា ទោះបីអាជ្ញាធរធ្វើសម្បទានដីប្រវែង៥ម៉ែត្រជូនពួកគាត់បន្ថែមទៀតយ៉ាងណាក្តី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងផងដែរថា តាម ស.ជ.ណ របស់រាជរដ្ឋាភិបាល គឺបានកំណត់ឲ្យកម្មសិទ្ធិដីធ្លីនេះទៅប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញនេះ ដោយគិតចាប់ពីអ័ក្សផ្លូវ៧០ប្រវែង៤០ម៉ែត្រ។ ប៉ុន្តែទោះបីជាមាន ស.ជ.ណ កំណត់បែបនេះក្តី ក៏ប្រជាពលរដ្ឋពួកគាត់នៅតែធ្វើការទាមទារទៅតាមប្រវែង និងទំហំដីរបស់គាត់ដែលបានកាន់កាប់ជាក់ស្តែង ពោលគឺមានប្រជាពលរដ្ឋខ្លះបានកាន់កាប់រហូតដល់៧០ម៉ែត្រចាប់ពីអ័ក្សផ្លូវ៧០នេះ។ ការទាមទារនេះត្រូវបានអាជ្ញាធររាជធានី និងអាជ្ញាធរខណ្ឌដូនពេញ ធ្វើការសម្របសម្រួល និងដោះស្រាយជូនពួកគាត់រហូតត្រូវរ៉ូវគ្នាបានចំនួន៤០គ្រួសារ នៅសល់ចំនួន៣៤គ្រួសារ។ លុះមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា នេះ ទើបអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ កោះអញ្ជើញពួកគាត់មកធ្វើការប្រជុំម្តងទៀត ដើម្បី ឈានទៅដល់ការដោះស្រាយបញ្ចប់ទាំងស្រុង។
អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសម្របសម្រួលនោះបានមានប្រសាសន៍ពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ពីអ្វី ដែលប្រជាពលរដ្ឋបានរំលោភយកដីរបស់រដ្ឋ ដោយរដ្ឋបានកំណត់រួចហើយពីប្រវែងដីដែលប្រជាពលរដ្ឋអាចកាន់កាប់ជាកម្មសិទ្ធិបាន នោះ គឺវាស់ចេញពីអ័ក្សផ្លូវលេខ៧០នេះ ប្រវែង៤០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនោះជាដីរបស់រដ្ឋទាំងអស់មិនអាចទាមទារកាន់កាប់លើសពីនេះបានទេ។ ប៉ុន្តែដោយអនុវត្តតាមអនុសាសន៍ឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានសម្បទានឲ្យប្រជាពលរដ្ឋប្រវែង៥ម៉ែត្របន្ថែមទៀត ទើបការដោះស្រាយជូនប្រជាពលរដ្ឋទាំង៧៤គ្រួសារនេះបានលទ្ធផល៤០គ្រួសារ នៅសល់៣៤គ្រួសារដែលនឹងត្រូវបន្តដោះស្រាយនៅពេលក្រោយទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំសម្របសម្រួលលើការដោះស្រាយជាមួយលោក ប៉ា សុជាតិវង្ស ខាងលើនេះ ប្រជាពលរដ្ឋបានទាមទារដីគិតពីអ័ក្សផ្លូវលេខ៧០ប្រវែង៦០ម៉ែត្រ។ លើបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តការដោះ ស្រាយជាមួយពួកគាត់បន្តទៀត ដោយឈរលើ រូបមន្តឈ្នះៗ មិនឲ្យមានការឈឺចាប់៕
មតិយោបល់