ពោធិ៍សាត់ៈ សាលាមត្តេយ្យសហគមន៍ សាងសង់ជារោងដោលមាន បណ្តោយ១០ម៉ែត្រ ទទឹង១០ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ស្ថិតនៅក្នុងភូមិផ្សារអណ្តែត ឃុំអូរតាបោង ស្រុកបាកាន ក្រោមការផ្តួចផ្តើមឡើងដោយលោកស្រី ឯម ប៉ុណ្ណា សមាជិការរដ្ឋសភា និងជាសមាជិការប្រតិបត្តិ និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស រួមជាមួយសមាជិការ សមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ ត្រូវបានធ្វើពិធីប្រគល់និងទទួល នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។
លោក សៅ ដារឿន អភិបាលនៃគណៈអភិបាលស្រុកបាកាន បានឲ្យដឹងថា សាលាមត្តេយ្យសហគមន៍ភូមិផ្សារអណ្តែតនេះ គឺអ្នកភូមិបានរួមគ្នាបង្កើតឡើង និងបង្រៀននៅក្រោមផ្ទះរបស់លោក អ៊ុ ជុំ ជន តែងតែជួបការលំបាកគ្រប់បែបយ៉ាងក្នុងការបង្រៀននិងរៀន។ ស្ថិតក្នុងស្ថានភាពបែបនេះ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខា ខេត្តពោធិ៍សាត់ ដែលមានលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកស្រី ឯម ប៉ុណ្ណា រួមជាមួយនឹងសមាជិការ បានចូលរួមជាថវិកា ផ្តួចផ្តើមកសាងសាលាមត្តេយ្យនេះឡើងនៅលើដីមួយកន្លែងជាការបរិច្ចាគ របស់លោកអ៊ុ ជុំ ជន មានបណ្តោយ១០ម៉ែត្រនិងទទឹង១០ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី មានលក្ខណៈជារោងដោលសម្រាប់ឲ្យក្មួយៗមានកន្លែង រៀនសូត្រ ព្រោះថាមត្តេយ្យសហគមន៍ផ្សារអណ្តែតនេះនៅឆ្ងាយពីសាលារដ្ឋជាង ២គីឡូម៉ែត្រពិបាកក្នុងការធ្វើដំណើរពិសេសឆ្លងកាត់ផ្លូវជាតិ។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោកជំទាវ ឯម ប៉ុណ្ណា បានថ្លែងថា មត្តេយ្យសហគមន៍ផ្សារអណ្តែត ឃុំ អូរតាបោង ដែលបានធ្វើពិធីប្រគល់និងទទួលនៅពេលនេះ គឺជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជ ដ៏មានសារៈសំខាន់បំផុតក្នុងការកសាងនូវធនធានមនុស្សនិងបានជួយសម្រាលបន្ទុកទៅដល់មាតា និងអាណាព្យាបាលសិស្ស ដែលកំពុងមមា ញឹកមុខរបរទទួលទានប្រចាំថ្ងៃ។
លោកស្រី មានប្រសាសន៍ទៀតថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍នូវធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ មានសីលធម៌ សុជីវធម៌ចាប់ពីកុមារនេះទៅ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងអប់រំ យុវជន និងកីឡា គឺអប់រំសម្រាប់យើងទាំងអស់គ្នា គឺសំដៅធ្វើយ៉ាងណាឲ្យមានសមធម៌ក្នុងការទទួលបាននូវសេវាអប់រំគ្រប់កម្រិតនិងមានគុណភាព។ លោកស្រីបានលើកទៀតថា យុទ្ធសាស្រ្តស្តីពីជម្រុញការអប់រំស្រ្តីនិងក្មេងស្រីគឺជាបញ្ហាសំខាន់ និងចាំបាច់ ដើម្បីឈានទៅរកភាពជោគជ័យ ផ្តល់ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅថ្ងៃអនាគត និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី បណ្តាលមកពីខ្វះការយល់ដឹងរបស់មាតាបិតាអណាព្យាបាល។
នៅក្នុងឱកាសនោះ លោកស្រីបានអំពាវនាវទៅដល់មាតាបិតានិងអាណាព្យាបាលសិស្ស ទាំងអស់ជម្រុញគាំទ្រសាលាមត្តេយ្យសហគមន៍ បានច្រើនកន្លែង និងបញ្ជួនកូនដែលមានអាយុក្រោម៥ឆ្នាំមកចូលរៀន អ្នកគ្រូគប្បីខិតខំបង្រៀនសិស្ស ជាគុណប្រយោជន៍សម្រាប់កុមារជំនាន់ ក្រោយៗទទួលបានការអប់រំគ្រប់ៗគ្នា ក្លាយទៅជាពលរដ្ឋ ដែលមានការអប់រំនិងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសនិងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ថា សាលាមត្តេយ្យសហគមន៍ដែលបានធ្វើពិធីប្រគល់ និងទទួលនេះ ចំណាយទៅការសាងសង់រោងដោល ចាក់ដីបំពេញទីធ្លា ចាក់សាប ចែកជូនសារុងម្នាក់១ដល់អ្នកចូលរួម២០០នាក់ និងចែកសម្ភារសិក្សាដល់សិស្សមត្តេយ្យ៣០នាក់ សរុបអស់ថវិកា២០០០ដុល្លារអាមេរិក៕
មតិយោបល់