សៀមរាបៈ លោកឧត្តមសេនីយ៍ ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០១៨ ពីស្ត្រីមានផ្ទៃពោះ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ខណៈដែលជនសង្ស័យទាំងនេះបានយកម៉ូតូដែលប្លន់បានពីស្ត្រីរងគ្រោះ យកទៅជិះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបារាំង ដែលកំពុងធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ថា ករណីប្លន់យកម៉ូតូពីស្ត្រីមានផ្ទៃពោះ ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវតាសាម ភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខ សៀមរាប 1AA-9916 ហើយនៅក្នុងកែបម៉ូតូមាន ទូរសព្ទដៃ២គ្រឿងរួមមានម៉ាកiPhone6 ,ម៉ាកណូគាចុចពិល រួមនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះ សាវិន វណ្ណារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងជនសង្ស័យទី២ឈ្មោះ យ៉េប អារ៉ូហ្វីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយពីជនសង្ស័យបានប្លន់យកម៉ូតូពីស្ត្រីមានផ្ទៃពោះបានសម្រេច ហើយយកម៉ូតូនេះទៅជិះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិបារាំង ឈ្មោះ MULIEL SERRADELL អាយុ៦២ឆ្នាំ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារដីហ៊ុយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានដកហូតបានកាបូបនោះមានទូរសព្ទម៉ាកស៊ាំសុង១គ្រឿង , លិខិតឆ្លងដែន១ ,ប្រាក់អឺរ៉ូ ៣០០អឺរ៉ូ ,ប្រាក់កូរ៉េ១១០០០វ៉ុន , ប្រាក់ដុល្លារ៤០ដុល្លារ និងម៉ូតូរបស់ស្ត្រីរងគ្រោះដែលមានផ្ទៃពោះ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ក៏សារភាពថា យកម៉ូតូដែលប្លន់បានពីស្ត្រីមានផ្ទៃពោះ យកទៅឆក់ស្ត្រីជនជាតិបារាំង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរទៅលើជនសង្ស័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់