ព័ត៌មានជាតិ

ប្រយ័ត្នផងអ្នកចូលចិត្តហូប! សមត្ថកិច្ចរកឃើញ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក មឹកស្រស់ និងសាច់មាន់ ខូចគុណភាព​និងមានផ្ទុកសារធាតុគីមី

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូររំដួល ដោយមានការសហការពីសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលទំនិញនាំចូល ដើម្បីរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ បន្លែ ផ្លែឈើ ជ្រក់ បង្អែម ត្រី សាច់ និងគ្រឿងសមុទ្រ ដែលនាំចូលពីបរទេស តាមច្រកអន្តរជាតិអូររំដួល ខេត្តបាត់ដំបង។

​ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាព មួយចំនួនដូចជា៖
– ប្រហិតសាច់គោ និងប្រហិតសាច់ជ្រូក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ចំនួន ៦ គីឡូក្រាម
– មឹកស្រស់ មានដាក់ សារធាតុ ហ្វ័រម៉ាលីន ចំនួន ១០ គីឡូក្រាម
– សាច់មាន់ ខូចគុណភាព ចំនួន ១២ គីឡូក្រាម
សរុបចំនួន ២៨ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗ និងបានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្នចំពោះការនាំទំនិញមកលក់ត្រូវសួររកប្រភពច្បាស់លាស់ជៀសវាងមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកប្រើប្រាស់៕

មតិយោបល់