ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿលឿន ជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧២ ខាងលិចមន្ទីរពេទ្យបញ្ញាស័ក្តិ ប្រមាណជាង២០០ម៉ែត្រ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
សពជនរងគ្រោះ(ស្លាប់)មានបណ្ណ័ NAGAWORLD 100 185011 SEET HORNG HCENG សម្គាល់ខ្លួន១សន្លឹក ដោយមិនបានបញ្ជាក់ពីកន្លែងស្នាក់នៅនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរុស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-2977 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តកូរ៉ូមួយគ្រឿង មិនចាំស្លាកលេខ បើកនៅខាងមុខស្របទិសដៅគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តបង្កមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។ ខណៈនោះក៏មានរថយន្តមន្ទីរពេទ្យសម្ភពរស្មី បានចុះមកដល់កន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញចុះមកដល់ស្រាប់តែលេចមុខបុរសម្នាក់មានឈ្មោះ ឌី ដែលល្បីខាងកាងរថយន្តដឹកសពក្នុងរាជធានីភ្នំពេញ បានចុះមកដល់រថយន្តស្លាកលេខ ព្រះស៊ីហនុ 2A-6516 ដោយសមត្ថកិច្ចចរចាររៀងលម្អៀងផងនោះ ក៏ត្រូវបានរថយន្តដឹកសពឈ្មោះ ឌី នោះដឹកតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានមានជ័យរង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។
ចំណែកសពរងគ្រោះត្រូវបានរថយន្តដឹកសព ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីចិន៕
មតិយោបល់