ភ្នំពេញៈ បុរសម្នាក់ ខណៈដែលកំពុងមានវិប្បត្តិក្នុងក្រុមគ្រួសារ ទៅផឹកស្រា រហូតដល់ស្រវឹង តាំងបញ្ចេញចរឹក ចិត្តសឿង តោងឡើងបង្គោលភ្លើង ដែលមានរៀបចាប់បំពាក់ដោយត្រង់ហ្វូភ្លើង បណ្តាលឲ្យឆក់ផ្ទុះធ្លាក់រងរបួសធ្ងន់ បោកក្បាលសន្លប់ឈឹង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង មុខផ្ទះជួល ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហួត ថេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់ភូមិកើតហេតុខាងលើ មានស្រុកកំណើត ភូមិស្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសធ្ងន់ ។
បើតាមសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះបានវិប្បត្តិក្នុងក្រុមគ្រួសារ ហើយមុនកើតហេតុ ជនរងគ្រោះ ផឹកស្រាដើម្បីកាត់សាញ ស្រវឹង បែរជាទៅប្រតោងឡើងបង្គោលភ្លើង ដែលមានបំពាក់ទៅដោយ ត្រង់ហ្វ័រ ប៉ះឆក់ ផ្ទុះធ្លាក់ មកដីបោកក្បាលពីក្រោយ សន្លប់ស្តូក ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ ក្រុមគ្រួសារដឹកតាមម៉ូតូកង់បី ទៅគ្លីនិកផ្សារព្រៃទា តែគេមិនហ៊ានទទួលដោយសារអាការៈធ្ងន់ធ្ងរ ទើបដឹកយកទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ហើយមន្ទីរពេទ្យពិនិត្យរួច ជួយសម្រួល នឹងដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្រ្គោះអាយុជីវិត ៕
មតិយោបល់