ព័ត៌មានជាតិ

ក្រុមចោរប្លន់៤នាក់ ជាប់ខ្នោះរបស់នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំនិងបញ្ជារដោយផ្ទាល់ពីសំណាក់ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចាប់ខ្លួននោះធ្វើឡើងក្រោយពេលជនសង្ស័យខាងលើធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងពីអាជីវករលក់ផ្លែឈើនៅផ្សារជម្ពូវ័ន្តបានសម្រេច កាលពីវេលាម៉ោង៤និង៣០នាទីជិតភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវរថភ្លើងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ ទី១,ឈ្មោះ សំណាង វិសាល អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ២,ឈ្មោះ គុណ រិទ្ធី អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ៣,ឈ្មោះ សុខ ធារ័ត្ន អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ៤,ឈ្មោះ ទុំ សីហា អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិទួលសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ វន គឹមហៀង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ផ្លែឈើនៅក្នុងផ្សារជម្ពូវ័ន្ត និងមានទីលំនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GP-8497។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះក្នុងបំណងទៅលក់ផ្លែឈើនៅក្នុងផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជិតផ្លូវរថភ្លើង ក៏បានជួបក្រុមជនសង្ស័យទាំង៤នាក់នោះ ជិះម៉ូតូ២គ្រឿង។ ខណៈនោះក្រុមជនសង្ស័យបានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូរួមទាំងទូរស័ព្ទដៃម៉ាកណូកគា១គ្រឿងផងបានសម្រេច បន្ទាប់មកបានជិះរត់គេចខ្លួនបាត់ស្រមោល។

ចំណែកជនរងគ្រោះបានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងនិងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ហើយនគរបាលខាងលើ ក្រោមការដឹកនាំរបស់លោកអធិការនគរបាលខណ្ឌ ក៏បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ និងនាំយកទៅសាកសួររង់ចាំការកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់