ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង ដឹកផ្ទុកពេញដោយទឹកអាស៊ីត ខណៈដែលកំពុងបើកបរ ស្រាប់តែឆាបឆេះ ហុយផ្សែងខ្មួរខ្មាញ់ បំភាយឧស្ម័នឈ្លក់ ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ ឌួង ងៀប កែងផ្លូវ២០០៤ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បាញ់ទឹកអស់ជិត៣០រថយន្ត ទើបភ្លើងរលត់ទៅវិញ ។
រថយន្តជួបហេតុការណ៍ខាងលើ កុងតៃន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6812 ដឹកទឹកអាស៊ីត ពេញទូ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ មិនដឹងថា ក្នុងទូកុងតឺន័រ មានមេអាស៊ីតឬយ៉ាងណានោះទេ បែរជាឆេះហុយផ្សែងយ៉ាងខ្មួរខ្មាញ់ ចេញពីក្នុងទូកុងតឺន័រ ភាយឈួលនូវឧស្ម័ន ឈ្លក់ ភ្លាមៗ ត្រូវបាន អ្នកបើកបរ ផ្តាច់ ដកក្បាលរថយន្តចេញ ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង របស់ស្នងការរាជធានីភ្នំពេញ ចេញទៅអន្តរាគមន៍ ។
តាមភ្នាក់ងារ ពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការពន្លត់ ភ្លើងមានបំភាយអាស៊ីត ក្នុងទូកុងតឺន័រខាងលើ ប្រើប្រាស់ទឹកអស់ចំនួន២៥រថយន្ត ទើបភ្លើងរលត់ ៕
មតិយោបល់