ព័ត៌មានជាតិ

រថយន្តព្រូស ស្លាកលេខភ្នំពេញ ​2AA-5028 បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​វៀចអស់មួយ​កង់​ទៅ​មុខ​លែង​រួច​

ភ្នំពេញ: បុរសម្នាក់​ស្រវឹង​ជោកជាំ បើករថយន្ត​តូយ៉ូតាព្រូស​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ រួចក៏​ទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ដាច់​ក្រឡេ​ទៅមុខលែងរួច​ កាលពីវេលាម៉ោង​៨និង​២០នាទី​យប់​ ថ្ងៃទី​០៦​ ខែមករា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងមុខមន្ទីរពេទ្យ​ព្រះ​កុសុម:​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹង​ថា​នៅ មុន​ពេលកើតហេតុ​ គេឃើញបុរសខាងលើបើកបរ​រថយន្ត​មួយ​គ្រឿងម៉ាក​ តូយ៉ូតាព្រូស​ ពណ៌​ទឹកស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AA-5028 ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ និងក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះមកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែរថយន្ត​ខាងលើក៏​បាន​រេចង្កូត​ទៅ​ខាង​ឆ្វេង​ជ្រុល​ទៅបុកនឹង​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំពេញ​ទំហឹង​ បណ្ដាល​ឲ្យ​វៀច​អស់​មួយ​កង់។ ចំណែក​ឯ​រថយន្ត​បង្ក​រងការខូចខាត​ក្រពឹតកាង​និង​ដាច់​ក្រឡេ​កង់​ខាងមុខ​ចំហៀង​ខាង​ឆ្វេង​ ទៅ​មុខ​លែង​រួច​ ហើយនៅ​ក្នុង​ហេតុការណ៍​នេះ​គឺមិន​​បណ្ដាល​ឲ្យមាន​អ្នក​រង​របួស​នោះទេ​ គ្រាន់​តែ​បណ្ដោយ​ឲ្យ​ខូច​ខាត​សម្បត្តិ​សារធារណ:​តែប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មក​ ដល់​ចំណុចកើតហេតុ​បានទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​រួមទាំង​អ្នក​បើកបរ​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់