ព័ត៌មានជាតិ

កងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ចការពារជាតិមាតុភូមិ

កំពង់ស្ពឺៈ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សក្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងភាពត្រឹមត្រូវស្របច្បាប់ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌ ដើម្បីរក្សាស្ថេរភាព សន្តិសុខ និងសន្តិភាពនៅកម្ពុជា។ នេះជាប្រសាសន៍របស់ លោក​ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ​ ដែលបានថ្លែងនៅក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ​ នាព្រឹកថ្ងៃទី០៦ ខែកក្កដានេះ។

ក្នុងសន្ទរកថាស្វាគមន៍របស់លោក ឧត្តមសេនីយ៍ឯក ណុប រតនា នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ បានឲ្យដឹងថា បញ្ជាការដ្ឋាន បានប្រចាំការត្រៀមប្រយុទ្ធនៅតាមបណ្តាគោលដៅសំខាន់ៗ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ២៤/២៤ម៉ោង ធានាបានទាំងកម្លាំងប្រយុទ្ធ និងសម្ភារៈបច្ចេកទេស សហការបានស្អិតរមួតជាមួយទីបញ្ជាការថ្នាក់លើ និងកម្លាំងប្រដាប់អាវុធទាំអស់នៅតាមភូមិសាស្ត្រទទួលខុសត្រូវ។ បន្តកសាងលេនដ្ឋានប្រយុទ្ធ ទាំងលេនដ្ឋានកាំភ្លើងធំ មនុស្ស គ្រាប់ និងលេនដ្ឋានចល័ត ថែទាំជួសជុលសំអាតកាំភ្លើង ធានាបច្ចេកទេសបានល្អពេលមានសភាពការណ៍កើតឡើង អាចប្រយុទ្ធបានភ្លាម និងមានប្រសិទ្ធភាព។

ស្តែងចេញពីការខិតខំប្រឹងប្រែងក្នរយៈពេល៦ខែដើមឆ្នាំនេះ នាយទាហានបញ្ជាការដ្ឋានកាំភ្លើងធំ ត្រូវបានថ្នាក់លើលើកសរសើរជូនរង្វាន់ និងតម្លើងឋានន្តរសក្តិ ជាក់ស្តែងថ្ងៃនេះ បានបំពាក់សក្តិចំនួន១២៩រូប ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ចំនួន០៧រូប វរសេនីយ៍ចំនួន០៥រូប អនុសេនីយ៍ចំនួន១១៣រូប នាយចំណង់ចំនួន០២រូប និងព្រិនបាលឯកចំនួន០២រូប។

លោក​នាយឧត្តមសេនីយ៍ កិត្តិបណ្ឌត ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរដល់បញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចខិតខំកសាង និងអភិវឌ្ឍអង្គភាព ឱ្យបានរៀបរយ និងរីកចម្រើន ព្រមទាំងបានបំពេញភារកិច្ចជាច្រើនទៀត ជាពិសេស បានធ្វើពលិកម្មប្រកបដោយវីរភាព អង់អាចក្លាហាន ហានបូជាជីវិតក្នុងបុព្វហេតុនៃកិច្ចកាពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដី នៃមាតុភូមិយើង ឲ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ។

លោកបានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលមាគ៌ានយោបាយត្រឹមត្រូវ ទាំងនយោបាយក្នុងប្រទេសនិង នយោបាយក្រៅប្រទេស ដោយដើរទន្ទឹមនឹងការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះវិស័យការពារជាតិ។ លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងបានទំនុកបម្រុងគ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ដែលជាកត្តាចលករផ្តល់នូវកម្លាំងចិត្តយ៉ាងមុតស្រួចដល់កងទ័ព ក្នុងការបំពេញតួនាទីភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ ថែរក្សាសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ជូនសង្គមជាតិ។

ទន្ទឹមនេះបានយកចិត្តទុកដាក់សហការ ដោះស្រាយបញ្ហាផ្សេងៗ ជាមួយប្រទេសជិតខាង ដោយសន្តិវិធី សំដៅកសាងតំបន់ព្រំដែនមួយឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការអភិវឌ្ឍន៍។
លោក​ នាយឧត្តមសេនីយ៍ បានជំរុញនិងលើកទឹកចិត្តដល់បញ្ជាការដ្ឋានកាំភ្លើង នៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់បង្កើនវិធានការគ្រប់គ្រង ថែរក្សាសម្ភារៈបរិក្ខារ សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ។ យកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ខិតខំថែទាំសុខភាពកងទ័ព ជំរុញឱ្យកងទ័ពត្រូវធ្វើអត្តសញ្ញាណប័ណ្ណស៊ីវិលឱ្យបានគ្រប់ៗគ្នា។ បន្តកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានរឹងមាំ រៀបចំផែនការយុទ្ធសាស្ត្រការពារជាតិយូរអង្វែង ថែទាំប្រព័ន្ធការពារ ខិតខំបណ្តុះបណ្តាល កសាងកម្លាំង និងពង្រឹងគុណភាពកងទ័ព ដើម្បីធានារ៉ាប់រងភារកិច្ចដ៏ធំធេងនៃកិច្ចការពារជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ រៀបចំនាយទាហានវ័យក្មេង ឱ្យបានត្រឹមត្រូវតាមជំនាញ ដើម្បីទទួលបាននូវបទពិសោធន៍ និងត្រៀមខ្លួនជាបណ្តើរៗសម្រាប់បន្តវេនពីរៀមច្បង។ សហការជាមួយអាជ្ញាធរដែនដី និងបណ្តាស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់បទល្មើសនានា ជាពិសេស ទប់ស្កាត់ឱ្យបានយ៉ាងដាច់ខាតនូវនិន្នាការបង្កអស្ថិរភាពដល់សង្គមជាតិ បង្កចលាចល ឬ សកម្មភាពណាមួយដែលមានចរិកចង់បំផ្លិចបំផ្លាញសន្តិភាព យើងត្រូវតំចាត់ចោលភ្លាម ពីព្រោះថា សន្តិភាព គឺជាកត្តាចម្បងបំផុត ដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោក​ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានកាំភ្លើងធំ រួមមានទឹបរិសុទ្ធ២០០កេស ទឹកក្រូច៥០កេស ស្រាបៀរ១០០កេស និងថវិកា ២០លានរៀល៕

មតិយោបល់