ភ្នំពេញៈ លោកបណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក ជូជីម បារ៉ុណ ម៉ាសាល ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំកម្ពុជាចប់អាណត្តិចូលជូបសម្តែងការគួរសម និងជម្រាបលា នៅវិមានដ្ឋសភានាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងជំនួបនោះ លោក ជូជីម បារ៉ុណ ម៉ាសាល(H.E Mr. Joachim baron Marshal) បានលោកថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកម្មការទូតរបស់លោកប្រកបដោយជោគជ័យ។ ក្នុងអាណត្តិនេះដែរ លោកមើលឃើញការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យជាពិសេសប្រព័ន្ធអប់រំ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
លោកបន្តថា អាឡឺម៉ង់សន្យាថា និងបន្តធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា លើគ្រប់វិស័យ ដូចជា អប់រំ សុខាភិបាល សង្គមកិច្ច និងការអភិវឌ្ឍ។ ដោយឡែកចំពោះស្ថាប័ននីតិបញ្ញតិ្តកម្ពុជាអាឡឺម៉ង់បានជួយសហការ និងជួយបញ្ជូនអ្នកជំនាញផ្នែកនីតិបញ្ញត្តិ ព្រមទាំងមានអង្គការខុនរ៉ាត់អាឌិនណៅអ៊ែរបស់អាឡឺម៉ង់ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីការអភិវឌ្ឍរដ្ឋសភាកម្ពុជា។ លោកបានលើកឡើងថា សភាជាតំណាងរបស់ប្រជាពលរដ្ឋ ហើយមានសារសំខាន់ណាស់ចំពោះសភារបស់ខ្លួនទាក់ទងទៅ នឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានកោតសរសើរដល់រដ្ឋសភា ដែលកន្លងមកបានអនុវត្តន៍នយោបាយរស់រវើក ហើយលោកជឿជាក់ថាសកម្មភាពដ៏ល្អនេះ នឹងនៅតែបន្តជារៀងរហូត ហើយចំពោះគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា គួរតែចរចារគ្នា ធ្វើការជាមួយគ្នាសម្រាប់ពេលអនាគត ជាពិសេសសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតសកលខាងមុខ ដែលកម្ពុជាកំពុងដំណើរការរៀបចំ ធ្វើយ៉ាងណាឲ្យការបោះឆ្នោតដំណើរការបោះឆ្នោតបានយ៉ាងរលូន និងអាចទទួលយកបានពីគ្រប់ភាគី និងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។ ដោយលោកសង្ឃឹមថា កិច្ចការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងដំណើរការបានល្អ មុខពេលលោកចាកចេញទៅបំពេញបេសកម្មការទូតនៅប្រទេសអេក្វាទ័រខាងមុខ។
ជាការឆ្លើយតប លោកបណ្ឌិ ងួន ញិល ប្រធានរដ្ឋសភាស្តីទីបានស្វាគមន៍ និងកោតសរសើរចំពោះ លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ដែលបានខិតខំធ្វើការទូតរវាងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាឡឺម៉ង់ក្នុងរយៈពេល៣ឆ្នាំនៅកម្ពុជា។ តាមរយៈទំនាក់ទំនងនេះ បានជំរុញឲ្យប្រទេសទាំងពីរកម្ពុជា-អាឡឺម៉ង់កាន់តែមានភាពជិតស្និតជាមួយគ្នាថែមទៀត។
លោកបណ្ឌិត ងួនញិល ក៏បានថ្លែងដល់រដ្ឋាភិបាលអាឡឺម៉ង ដែលបានរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជា តាំងពីរសម័យអ៊ុនតាក់រហូតមកដល់ពេលបច្ចុប្បន្ន ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យយ។
លោកបណ្ឌិតមានជំនឿថា បើទោះបីជាលោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ត្រូវបានបញ្ចប់ការងារទូតនៅកម្ពុជាក៏ដោយ លោកស្នើលោក បន្តជួយជំរុញប្រជាជនអាឡឺម៉ង់ឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ទាក់ទងទៅនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ ដែលស្នើឲ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បន្តជួបចរចារគ្នា ធ្វើការជាមួយគ្នាដោយរលូននោះ លោកបណ្ឌិតគិតថាជាការត្រឹមត្រូវ។
លោកបណ្ឌិតបន្តថា សម្រាប់គណបក្សប្រជាជនកម្ពុជាបានធ្វើគ្រប់បែបយ៉ាង ដើម្បីសម្របសម្រួលរវាងគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា តាមរយៈវប្បធម៌សន្ទនាដែលគណបក្សទាំងពីរបានព្រមព្រៀងកន្លង ដើម្បីដោះស្រាយការងារប្រទេសជាតិដោយរលូន ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យរដ្ឋសភាប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែការអនុវត្តកន្លងមកមានបញ្ហាខ្វែងគំនិតគ្នាលើចំណុចមួយចំនួន ដែលនេះ មិនមែនបណ្តាលមកពីគណបក្សកាន់អំណាចទេ តែជាកំហុសរបស់គណបក្សប្រឆាំងមិនបានអនុវត្តន៍នូវកិច្ចព្រមព្រាងដែលបានចុះហត្ថលេខរវាងប្រមុខដឹកនាំគណបក្សទាំងពីរកន្លងមក។
លោកបណ្ឌិត ចង់ឲ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋដូចប្រទេសនានា ដើម្បីឲ្យប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់ ដូចដែលប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងថា ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវដើរទន្ទឹមគ្នាដោយមិនអាចខ្វះផ្នែកណាមួយបានទេ ហើយកន្លងមករដ្ឋសភាកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តន៍តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យបានយ៉ាងល្អ តាមរយៈការអនុម័តឲ្យមានការកំណែទំរង់ក្បាលម៉ាស៊ីនក្នុងស្ថាប័ន គ.ជ.ប ក្នុងគោលដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ប្រព្រឹត្តិទៅប្រកបដោយភាពរលូន តម្លាភាព យុត្តិធម៌អាចទទួលយកបានទាំងអស់គ្នា៕
មតិយោបល់