ភ្នំពេញៈ បុរសម្នាក់ក្នុងស្ថានភាពស្រវឹង មានធំក្លិនស្រាទាំងព្រឹក ជិះម៉ូតូសេ១២៥ បើកឆ្លងផ្លូវ លឿនជ្រុលទៅបុកម៉ូតូសេ១២៥ ចំនួន២គ្រឿងផ្សេងទៀត កំពុងបើកច្រាសទិស បណ្តាលឲ្យដួលរណូករណែល ពេញផ្លូវ រងបួសធ្ងន់ជនបង្ក បាក់ជើងម្ខាង ២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគី ម៉ូតូបង្ក ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-0276 បើកបរដោយបុរសម្នាក់ ស្រវឹងធំក្លិនដល់ក រងរបួសបាក់ជើងឆ្វេង ។ ចំណែកម៉ូតូរងគ្រោះ ២គ្រឿង មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CI-5625 បើកបរដោយបុរសម្នាក់ រងរបួសស្រាល ។ និងម៉ូតូរងគ្រោះ មួយគរឿងទៀត ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-0868 បើកបរដោយស្រ្តីម្នាក់ ជាកម្មការនីរោងចក្រ រងរបួសស្រាល ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូបង្ក បើកបរដោយបុរសម្នាក់ស្រវឹងស្រា បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅជើង តែឃើញរថយន្តមកពីមុខច្រើន ខំបន្ថែមល្បឿន ទើបជ្រុលទៅបុកម៉ូតូសេ១២៥ ចំនួន២គ្រឿង កំពុងបើក ពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឲ្យដួល រណូករណែលពេញផ្លូវ រងរបួសធ្ងន់ ជនបើកម៉ូតូបង្ក បាក់ជើងឆ្វេង ២នាក់ទៀត ស្រីម្នាក់ផង រងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិក សុធារិទ្ធ បែកចាន ដឹកយកទៅព្យាបាល ចំណែក ស្រ្តីម្នាក់ រងរបួស មុខ បានសាច់ញាតិដឹកយកទៅពេទ្យដោយខ្លួនឯង ។ ដោយឡែកម៉ូតូ ទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច ចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់