ភ្នំពេញៈ ជម្លោះលក់អីវ៉ាន់ឲ្យម៉ូយ ឈានទៅដល់ប្រើហិង្សា ស្ត្រីម្នាក់បែកក្បាលរយះហូរឈាម ខណៈកំពុងចេញមកឈរទិញទឹកអំពៅ ត្រូវនឹងច្រវ៉ាក់ចាក់ម៉ូតូជនសង្ស័យទាញមកវាយ។ ហេតុការណ៍វាយប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ០៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ បាននឹងកំពុងឈរទិញទឹកអំពៅនៅកន្លែងកើតហេតុ ស្រាប់ជនសង្ស័យបានជិះម៉ូតូមក ជេរប្រមាថជនរងគ្រោះ ពីរឿងដែលជនរងគ្រោះលក់អីវ៉ាន់ឲ្យម៉ូយម្នាក់ ហើយបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ពេលនោះស្ត្រីរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា ក្រោយមកជនសង្ស័យបានជិះម៉ូតូចេញបានប្រហែលជា៣០ម៉ែត្រ ក៏ជិះបកត្រឡប់មកវិញ ឈប់ម៉ូតូនៅជិតជនរងគ្រោះ រួចទាញយកច្រវ៉ាក់ចាក់ម៉ូតូរបស់ខ្លួន មកវាយក្បាលជនរងគ្រោះតែម្តង បណ្តាលអោយបែកក្បាលខាងឆ្វេង រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។
ស្ត្រីរងគ្រោះឈ្មោះ មួង វ៉េង អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦០ ផ្លូវលេខ០៥ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ក្រោយកើតហេតុអ្នករងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍គ្រាដែលជនសង្ស័យបានមកវាយខ្លួនយ៉ាងនេះ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លុះមកដល់ថ្ងៃទី០៧មករា២០១៩នេះ ក្នុងវេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រជំនាញខណ្ឌ និងប៉ុស្តិ៍រដ្ឋមូលដ្ឋាន បានឈានទៅឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ និងបានដកហូតម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FI-2019 រួមជាមួយនឹង ច្រវ៉ាក់មួយខ្សែ ពណ៍ខៀវ ដែលជនសង្ស័យបានប្រព្រឹត្តសកម្មភាពបទល្មើស។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះឈ្មោះ មុត រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ផ្លូវលេខ០៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់