ភ្នំពេញៈ ក្រោយពីបើកសវនាការអស់ជាច្រើនលើក និងលើកពេលប្រកាសសាលក្រម រហូតដល់មានការប្រកាសសាលក្រមចាត់របៀបម្តងកាលពីចុងឆ្នាំ២០១៥ រួចមកហើយនោះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះលោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជនដៃដល់ ដែលសម្លាប់សង្សារជានិស្សិតសាលាវ៉ាន់ដា ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្តឹងតាមរដ្ឋប្បវេណី២០លានរៀល ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទមានឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សា ជ្រោយចង្វារ។
លោក ពុធ ឌីម៉ង់ មេធាវីការពារសិទ្ធិជនជាប់ចោទបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្តីលោក ដើម្បីប្តឹងឧទ្ធរណ៍។
លោកស្រី ស៊ុ ទុយ ម្តាយរបស់ជនរងគ្រោះបានថ្លែងទទួលយកការសម្រេចទោសរបស់តុលាការលើជនជាប់ចោទ ប៉ុន្តែអ្នកស្រីនៅមិនពេញចិត្តចំពោះសំណងនោះទេ ហើយលោកស្រីនឹងប្តឹងឧទ្ធរណ៍៕
https://youtu.be/cHnpAVQCzEM
មតិយោបល់