ភ្នំពេញៈ បុរសម្នាក់ ស្រវឹងជោកជាំ បានបើករថយន្តស៊េរីទំនើបម៉ាក Chevrolet ពណ៌ស ស្លាកលេខ ភ្នំពេញ 2AR-3516 បានបុកប៉ុស្តិ៍យាមសន្តិសុខ បណ្ដាលឲ្យរងការខូចខាត ហើយជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី យប់ឈានចោលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលការដ្ឋានសាងសង់ក្រុមហ៊ុនឯកជនមួយកន្លែង ម្ដុំស្ពានបាឡេ ក្នុងសង្តាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមសម្តីរបស់សន្តិសុខដែលយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើបើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវបេតុង ក្នុងបរិវេណការដ្ឋានខាងលើ បានបុកប៉ុស្តិ៍យាមនៅនឹងគោលដៅ ហើយគាត់បានឃាត់រថយន្តបង្កខាងលើដើម្បីដោះស្រាយ តែរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ ព្យាយាមបើករត់ហើយក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតម៉ាកណៃហត ពណ៌ខ្មៅ ស្លាកលេខ ម 9990 ភព1 ហើយរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុប្រមាណជាង៥០០ម៉ែត្រ ត្រូវបានសន្តិសុខឃាត់បាន នឹងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានមកដល់ធ្វើការឃាត់ម្ចាស់រថយន្តបង្ក និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់