កណ្តាលៈ អតីតប្តីយកអាវុធខ្លី មកភ្ជង់ប្រពន្ធ គម្រាមឲ្យឡើងឡាន ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង ចាប់វ៉ៃខ្នោះ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទី រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ នួន ដានី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ឈ្មោះ ឆាយ សាលាភ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដែរវត្ថុតាងចាប់យក ៖ កាំភ្លើងខ្លីចំនួន ០១ដើម មិនស្គាល់ម៉ាក គ្មានលេខ បង់ចំនួន០១ មានគ្រាប់ចំនួន០៤គ្រាប់ រថយន្តចំនួន ០១គ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX – 4029 និងកូនសោរថយន្ដចំនួន០១។
មុនកើតហេតុ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ឆាយ សាលាភ (ប្តី) និងឈ្មោះ នួន ដានី (ប្រពន្ធ) បានព្រមព្រៀងធ្វើកិច្ចសន្យាលែងលះគ្នា នៅសាលាឃុំ រកាខ្ពស់ ។ លុះនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង៣និង ៣៥នាទីរសៀល ឈ្មោះ ឆាយ សាលាភ បានជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៍ទឹកប្រាក់ ពីភ្នំពេញ មកផ្ទះឈ្មោះនួន ដានី ស្ថិតក្នុងភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ពេលមកដល់ឈ្មោះ ឆាយ សាលាភ បានសួរ ឈ្មោះ នួន ដានី រកប្លង់ផ្ទះដែលស្ថិតនៅបុរីចំការដូង ដើម្បីដាក់លក់ផ្ទះ នៅការិយាល័យបូរីចំការដូង ពេលនោះ ឈ្មោះនួន ដានី មិនទៅតាម ទើបឈ្មោះ ឆាយ សាលាភ កាន់កាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់ ភ្ជុងឈ្មោះនួន ដានី រួចចាប់គ្រៀក ដើម្បឲ្យចូលរថយន្តរបស់ខ្លួន ទន្ទឹមនឹងនោះដែរក៏មានប្រជាពលរដ្ឋជាច្រើននាក់បានឃាត់រថយន្ត ហើយដណ្តើមបានអាវុធពីឈ្មោះ ឆាយ សាលាភ និងជួយឈ្មោះ នួន ដានី ចេញពីរថយន្តមកវិញ ។ ចំណែកឈ្មោះ ឆាយ សាលាភ បានរត់គេចខ្លួន ។
ពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រកាខ្ពស់ សហការជាមួយកម្លាំងអន្តរាគមន៍ ស្រុកស្អាង បានតាមរកហើយឃាត់ខ្លួន ឈ្មោះ ឆាយ សាលាភ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះឆាយ សាលាភសារភាពថា ខ្លួនបានទិញអាវុធខ្លីនេះពីឈ្មោះ រាក់ ភេទប្រុស អាយុ១៤ឆ្នាំ តម្លៃ៣០ដុល្លារ នៅចំណុចវាលខ្សាច់ ចាក់អង្រែលើ កាលពីឆ្នាំ២០១៦ ដើម្បីទុកនៅផ្ទះភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ និងបានជិះរថយន្ដ យកអាវុធខ្លីខាងលើភ្ជុងគំរាមឈ្មោះនួន ដានី ពិតប្រាកដមែន។
ឈ្មោះឆាយ សាលាភ សារភាពបន្ថែមទៀតថា ខ្លួនពិតជាបានជក់គ្រឿងញៀនប្រភេទម៉ាទឹកកក រយៈពេល០៦ខែ កន្លងមកហើយ។
នៅវេលាម៉ោង៤និង៥១នាទីល្ងាច ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឃាត់ខ្លួនឈ្មោះឆាយ សាលាភ ដើម្បីបន្ដអនុវត្តន៍តាមនីតិវីធីច្បាប់៕
មតិយោបល់